ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក អ៊ី ឋាវរៈ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមលើកលែងការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហួ សុខឡេង អាយុ៣០ឆ្នាំ ជាអ្នករត់តាក់ស៊ី ដែលរងការចោទប្រកាន់ថា បានធ្វើឲ្យបាត់បញ្ញើមាស៣៩តម្លឹង និងលុយ២ម៉ឺនដុល្លារ របស់អាជីករផ្ញើពីផ្សារកំពង់ស្ពឺម្នាក់។
ជនជាប់ចោទក្នុងសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្ត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅបេនរថយន្តផ្សារអូរឫស្សី តាមបណ្តោយផ្លូវឧកញ៉ាទេពផន សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។ រីឯដើមបណ្តឹងជាម្ចាស់បញ្ញើឈ្មោះ លឹម សុខអេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់មាស ប្តូរប្រាក់ នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ដើមបណ្តឹងឈ្មោះ លឹម សុខអេង នាពេលសវនាការបានទាមទារ មាស៣៩តម្លឹង និងប្រាក់២ម៉ឺនដុល្លារមកវិញ និងទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារពីជនជាប់ចោទ។ ជាមួយគ្នានេះដែរ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការនៃសំណុំរឿងនេះក៏ បានធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំតម្កល់បទចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមច្បាប់។
បើទោះបីជាយ៉ាងណា ការប្តឹងសុំតម្កល់បទចោទរបស់លោក ហ៊ឹង ប៊ុនថន បទចោទប្រកាន់លើជនជាប់ចោទ ហួ សុខឡេង ពុំបានជោគជ័យឡើយ ខណៈលោក អ៊ី ឋាវរៈ បានប្រកាសលើកលែងបទចោទតែម្ដង នៅពេលប្រកាសសាលក្រមនាថ្ងៃនោះ៕ ប្រាថ្នា