ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃទី២៦ ខែតុលាថា កម្លាំងទាហាន ប្រទេសនេះ បានបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM ៣គ្រាប់ ចេញពីនាវាមុជទឹក២គ្រាប់ និងចេញពីទីតាំងអវកាស Plesetsk ១គ្រាប់។
នៅក្នុងការប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា «កងពលកាំជ្រួចមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យ នូវប្រភេទមីស៊ីល ICBM Topol ឆ្ពោះទៅកាន់ទីតាំ Kura នៅតំបន់ Kmchatka ។
នាវាមុជទឹកដើរដោយថាមពលបរមាណូរបស់រុស្ស៊ី មកពីកងពលប៉ាស៊ីហ្វិក បានបាញ់មីស៊ីល២គ្រាប់ ចេញពីដែនសមុទ្រ Okhotsk ឆ្ពោះទៅកាន់ទីតាំង Chizha ក្នុងតំបន់ Arkhangelsk ដោយក្នុងនោះ នាវាមុជទឹក១គ្រឿង បានបាញ់មីស៊ីលឆ្លងទ្វីបឆ្ពោះទៅកាន់ទីតាំង Kura ។
ក្រៅពីនេះ រុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tupolev -160 , Tupolev -85MS និង Tupolev -22MZ ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះផងដែរ។ យន្តហោះរុស្ស៊ីបានហោះហើរចេញពីទីតាំង Ukrainka, Engels និង Shaikovka ដោយបាញ់មីស៊ីលនាំផ្លូវទៅកាន់គោលដៅនានាដែលបានកំណត់ទុក។
រយពេលចុងក្រោយនេះ រុស្ស៊ីបានពង្រឹងកម្លាំងរបស់ខ្លួននៅពេលដែលស្ថានភាពនៅលើពិភពលោក កំពុងប្រឈមមុខតានតឹងដាក់គ្នា ក្នុងនោះមានរុស្ស៊ី និងអាមេរិក ណាតូ ក៏ដូចជាស្ថានភាពនៅឧប្បទ្វីបកូរ៉េជាដើម៕ ម៉ែវ សាធី