ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឡកម្តៅក្នុងរោងចក្រផលិតអំបោះរងរបួសធ្ងន់មនុស្ស៦នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន៦នាក់បានរង របួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងធ្វើការនៅក្នុងរោងចក្រហើយត្រូវបានផ្ទុះឡើងដោយសារកម្តៅខ្លាំងហួសកម្រិតទប់មិនឈ្នះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅក្នុងរោង ចក្រយីហោ គ័ងសិុន ជារោងចក្រធ្វើកម្តៅ ផលិតអំបោះស្ថិតក្នុងភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការរៀបរាប់របស់ឈ្មោះ តេង ម៉ង ដែលជាអ្នកមើលការខុសត្រូវឡកម្តៅក្នុងរោងចក្រគ័ងសិុន បានឲ្យដឹងថា រាល់ ថ្ងៃគាត់តែងតែដុតអុសក្នុងឡដើម្បីយក កម្តៅទៅផលិតអំបោះ។ នៅព្រឹកថ្ងៃកើតហេតុនេះគាត់បានដុតអុសធម្មតាបានរយៈពេលជាង២ម៉ោងស្រាប់មានផ្សែងហុយ ចេញពីឡ។ ឃើញដូច្នេះគាត់បានរត់ចេញពីកន្លែងឡបានជាង៥០ម៉ែត្រឡក៏ផ្ទុះឡើងលាន់ឮរំពង ហើយបំណែកឡបានហោះប្លោងទៅបុកនឹងជញ្ជាំងនិងដំបូលបណ្តាលឲ្យខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យមនុស្ស ដែលកំពុងធ្វើការនោះរងរបួសធ្ងន់៦នាក់ ក្នុងនោះមានស្រី៣នាក់ ជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា សម្ភារខូច ខាតរួមមានឡកម្តៅ ជញ្ជាំងនិងដំបូលរោងចក្រប្រហែល៣០ម៉ែត្រត្រូវរងការខូចខាតដោយសារឡផ្ទុះខ្ទាតទៅបុក។ សមត្ថកិច្ច បានបញ្ជាក់ថា រោងចក្រនេះត្រូវផ្អាក ដំណើរការមួយរយៈរង់ចាំស្រាវជ្រាវ និង ពិនិត្យលើលក្ខណៈបច្ចេកទេសរោងចក្រ ឲ្យបានត្រឹមត្រូវតាមច្បាប់សិន ៕ សុខាសែនជ័យ

 


ចែករំលែក៖