ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពភាពយនុ្តខ្លីចតុមុខបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៧ បានបបញ្ចប់ដោយជោគជ័យ ព្រោះតែមានការគាំទ្រច្រើនពីមហាជន។ ការប្រកាសបិទត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣០ ខែតុលា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ។

ឆ្នាំនេះ មានមានភាពយន្តបរទេសប្រមាណជាង៣ពាន់រឿង ត្រូវបានបញ្ជូនមកវាយតម្លៃដើម្បីជ្រើសរើសយកមកចាក់បញ្ចាំង ។ មហោស្រពភាពយន្តខ្លីចតុមុខ បានធ្វើការចាក់បញ្ចាំងរឿងសរុប១៥៨រឿង ដែលក្នុងនោះមានភាពយន្តខ្មែរជាប់ការប្រកួតចំនួន២៨រឿង និងរឿងសម្រាប់ចាក់បញ្ចាំង ពិសេសចំនួន២៧រឿងដែលបានចាក់បញ្ចាំងនៅរោងភាពយន្ត និងសាលនានាចំនួន១១កន្លែងក្នុងនោះមានសាលចតុមុខ រោងភាពយន្ត Legend ទាំង៣សាខា រោងភាពយន្តMajor Cineplex , រោងភាពយន្ត Prim Cineplex, សាលបូផានណា , កោះពេជ្រ , ផ្ទះមេត្តា ,សាលសាលាបារាំង និងសាលបារាយអណ្តែតខេត្តសៀមរាប ដែលការបញ្ចាំងនេះចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែតុលា កន្លងទៅនេះ។

ក្នុងឱកាសប្រកាសបិទនេះ កម្មវិធីបានប្រកាសម្ចាស់ជ័យលាភីមួយចំនួនមានម្ចាស់ជ័យលាភីផ្នែកជំរុំភាពយន្ត ជ័យលាភីផ្នែកការចាក់បញ្ចាំងល្អបំផុត ពានរង្វាន់នាថកថាល្អបំផុត ពានរង្វាន់ជម្រើសអ្នកគាំទ្រ ពានរង្វាន់តារាសម្តែង និងអ្នកដឹកនាំល្អ ពានរង្វាន់រឿងខ្លីល្អបំផុតរបស់កម្ពុជា ពានរង្វាន់រឿងខ្លីអន្តរជាតិល្អបំផុតជាដើម។

លោកជា សុខហ៊ី ប្រធានមហោស្រពភាពយន្តខ្លី២០១៧ បានថ្លែងប្រាប់សារព័ត៌មាននគរវត្តថា មហោស្រពនេះគឺជាកម្មវិធីមួយរៀបចំឡើងសម្រាប់យុវជន ខ្មែរដែលស្រលាញ់វិស័យភាពយន្ត ដោយការផ្តល់ឱកាសបញ្ចេញស្នាដៃ និងការទទួលបានព័ត៌មានកាន់តែច្រើនពីវិស័យភាពយន្ត ហើយក៏ជាស្ពានតភ្ជាប់យុវជន ទៅកាន់វិស័យភាពយន្តដែរ។ លោកថាកម្មវិធីនេះក៏នឹងជួយពង្រឹង និងពង្រីកវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។

ថ្លែងបញ្ជាក់ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ បានកោតសរសើរខ្លាំងចំពោះផលិតករក្មេងៗជំនាន់ក្រោយដែលខិតខំបង្កើតស្នាដៃភាពយន្តខ្លីសម្រាប់ប្រកួតប្រជែង ។ លោកថា កំណើនទាំងបរិមាណ និងគុណភាពភាពយន្តនេះឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យភាពយន្ត ហើយភាពយន្តខ្លីនេះនឹងក្លាយជាចំណុចចាប់ផ្តើមរបស់ផលិតករដើម្បីវិវត្តន៍ខ្លួនឲ្យក្លាយជាអ្នកផលិតភាពយន្តខ្នាតធំ ឬវែងទៅថ្ងៃអនាគត ។ លោករំពឹងដែរថា មហោស្រពនេះនឹងបន្តកើតមានជាថ្មីនៅឆ្នាំបន្ទាប់ទៀតផងដែរដើម្បី ផ្តល់ឱកាសដល់យុវជនបញ្ចេញស្នាដៃ និងសមត្ថភាពដែលពួកគេចង់ធ្វើ៕ វឌ្ឍនា


ចែករំលែក៖