ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើសកម្មភាពរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីប្រើប្រាស់ ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនសង្ស័យចាប់ខ្លួនបាន៣នាក់ ទី១-ឈ្មោះឈ្មោះ ខុម វ៉ាន់ថុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ នីម បូរី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទី១និងទី២មានទីលំនៅភូមិវិហារ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីឯជណសង្ស័យទី៣-ឈ្មោះ អាន បូរី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១កញ្ចប់និងម៉ូតូ១គ្រឿង ម៉ាកអឹមអេសអ៊ិច(MSX) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CA-8407 ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២២ និង១០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដែលគ្រប់គ្រង លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យចំនួន៣នាក់ខាងលើកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវ ដោយមានការសង្ស័យ ភ្លាមនោះសមត្ថកិច្ចក៏ហៅ្យឈប់រួចសុំត្រួតពិនិត្យឆែកឆេរ រហូតរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនឹងខ្លួនរបស់ឈ្មោះ ខុម វ៉ាន់ថុង ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាង បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នីម បូរី បានឆ្លើយសារភាពថាឈ្មោះ ខុម វ៉ាន់ថុង និងឈ្មោះ អាន បូរី បានប្រមូលប្រាក់គ្នាបានចំនួន២០០០០រៀលឲ្យមកខ្លួន ដើម្បីទៅទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណស្ថិតក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ដើម្បីយកមកប្រើប្រាស់ ប្រាកដមែន ៕ស្អាងជ័យ

 


ចែករំលែក៖