ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានរៀបចំការប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ នាព្រឹកថៃ្ងទី១ខែវិច្ឆិកាឆ្នាំ២០១៧នេះ ដើម្បីបង្កើនឱកាសដល់កីឡាករកីឡាការិនី ឲ្យមានព្រឹត្តិការណ៍ប្រកួត ច្រើន ក្នុងគោលដៅផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍សមត្ថភាព អត្តពលិករបស់សហព័ន្ធខ្មែរហែលទឹក ស្របតាមកំណែទម្រង់ លើវិស័យអប់រំកាយ និងកីឡា របស់ក្រសួងអប់រំ និង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងទិសដៅសម្រួលគុណភាព កីឡាកម្ពុជា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខែ្មរហែលទឹកបានឲ្យដឹងថា ការប្រកួតកីឡាហែលទឹកដណ្តើម ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ មានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយរៀបចំ វិញ្ញាសាចំនួន២០ ដោយបែងចែកជា៤កម្រិតអាយុ គឺកីឡាករកីឡាការិនី ជម្រើសជាតិ កីឡាករ កីឡាការិនីអាយុក្រោម១៧ឆ្នាំ, កីឡាករកីឡាការិនីអាយុក្រោម១៤ឆ្នាំ និងកីឡាករ កីឡាការិនីអាយុក្រោម១២ឆ្នាំ ។ ព្រឹត្តិការណ៍នេះក៏មាន អត្តពលិកជនពិការ ចូលរួមប្រកួតដែរ ដោយបែងចែកជា៤កម្រិត ដូច កីឡាករកីឡាការិនីធម្មតាដែរ ។

លោកបានបន្តថា ចំពោះពានរង្វាន់ថ្មីមួយនេះ គឺជាពានរង្វាន់ដ៏សំខាន់មួយ ហើយក៏ជាផ្នែកមួយក្នុងការ រួមចំណែកអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ស្របទៅតាមទិសដៅ ដែលលោកអនុប្រធានសហព័ន្ធខ្មែរហែលទឹក ជា ប៊ុន ហេង ចង់ឲ្យកីឡាករកីឡាការិនីកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ឈានទៅដណ្តើមយកមេដាយ នៅលើឆាកអន្តរជាតិនានា ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍ខាងលើ ក៏ស្ថិតក្នុងផែនការរបស់សហព័ន្ធ សម្រាប់ធ្វើតេស្តសមត្ថភាព អត្តពលិកហែលទឹកដែលសហព័ន្ធខ្មែរហែលទឹកគ្រោង ជ្រើសរើស ឲ្យទៅចូលរួមការប្រកួតនៅប្រទេសប្រ៊ុយណេនាដើមខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។ លោក ហែម គិរី បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតច្រើន គឺបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ សម្រាប់ការប្រកួតកីឡាហែលទឹកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១ មានកីឡាករកីឡាការិនីចូលរួមប្រមាណ ៧០ទៅ៨០នាក់តែប៉ុណ្ណោះមកពី បណ្តាក្លិបមួយចំនួនក្នុងរាជធានីភ្នំពេញ ៕ សារីម


ចែករំលែក៖