ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះទម្លាក់គ្រាប់រុស្ស៊ីហោះក្បែរនាវាផ្ទុកយន្តហោះអាមេរិកនៅកូរ៉េខាងជើង

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជូនយន្តហោះ F/A-18 ទៅបណ្តេញ យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី Tu-95 ដែលបានចូលទៅកៀកនាវាផ្ទុកយន្តហោះអាមេរិកដែលកំពុងធ្វើសកម្មភាព នៅតំបន់សមុទ្រឧបទ្វីបកូរ៉េ។

សារព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា កម្លាំងទាហានអាមេរិកបានបញ្ជូនយន្តហោះទៅបណ្តេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ី Tu-95 Bear ហោះកៀក នាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលកំពុងធ្វើសកម្មភាពនៅដែនសមុទ្រជប៉ុន ។ កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជូន យន្តហោះពីរគ្រឿងចេញពីនាវាផ្ទុកយន្តហោះខាងលើទៅ បណ្តេញយន្តហោះរុស្ស៊ីចេញឲ្យឆ្ងាយពីនាវាផ្ទុកយន្តហោះអាមេរិក។

មន្ត្រីកម្លាំងទាហានជើងទឹកអាមេរិក បានឲ្យដឹងថា ការចូលកៀក របស់យន្តហោះទម្លាក់គ្រាប់រុស្ស៊ី គឺត្រូវបានបណ្តេញចេញ ហើយសកម្មភាពរបស់យន្តហោះរុស្ស៊ី គឺមានសុវត្ថិភាព នោះទេ ហើយការបណ្តេញចេញនោះ មិនបណ្តាលឲ្យមានហេតុការណ៍អាក្រក់ណាមួយនោះឡើយ។

នាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងតែធ្វើសកម្មភាព នៅដែនសមុទ្រប្រទេសជប៉ុន ហើយមានដំណើរឆ្ពោះទៅកាន់ដែនសមុទ្រចិនភាគខាងកើត ដោយមាននាវាចម្បាំង៣គ្រឿង អមដំណើរ។

រយៈពេលកន្លងមក យន្តហោះចម្បាំងរុស្ស៊ី និងអាមេរិក តែងតែ រារាំងគ្នាទៅវិញទៅមកនៅលើដែនអាកាសអន្តរជាតិ ប៉ុន្តែការបណ្តេញគ្នាទៅវិញទៅមកមិនបង្កឲ្យមានគ្រោះថ្នាក់កើតឡើងនោះឡើយ។

កាលពីខែមិថុនាកន្លងមក យន្តហោះអាមេរិក និងរុស្ស៊ីបានប្រឈមមុខដាក់គ្នានៅលើដែនអាកាសអន្តរជាតិរហូតដល់ទៅ៣០លើក នៅដែនសមុទ្របាលតិច ។ ភាគីអាមេរិកបានបញ្ជូនយន្តហោះចម្បាំង F-22 ទៅរារាំងយន្តហោះរុស្ស៊ីជាច្រើនលើក។ ប៉ុន្តែការបណ្តេញយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី គឺជាលើកទីមួយ ៕ ម៉ែវ សាធី


ចែករំលែក៖