ភ្នំពេញ៖ សម្តេចចៅហ្វាវាំងវរៈវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងបានប្រគល់បង្គន់អនាម័យចំនួន២កន្លែងនៅក្នុងបរិវេណព្រះ មេរុ ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យបងប្អូនប្រជា ពលរដ្ឋបានប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ០១ វិច្ឆកា ឆ្នាំ២០១៧ នៅវាលព្រះមេរុ ប្រគល់ដោយសម្តេចចៅហ្វាវាំងវរៈវាំងជ័យធិបតីស្រឹង្គា គង់ សំអុល និងទទួលដោយលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ។ បង្គន់អនាម័យទំនើប តាមស្ដង់ដារ ទាំង២កន្លែងនេះ គឺជាផ្នែកមួយដើម្បីជួយសម្រួលដល់ប្រជា ពលរដ្ឋបន្ទោរបង់ឲ្យ បានត្រឹមត្រូវ ជៀសវាង បងប្អូនបន្ទោបង់គ្មានសណ្តាប់ធ្នាប់។
តាមការបញ្ជាក់ឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា៖ អាជ្ញាធរបានត្រៀមបង្គន់អនាម័យចលត័ និងបង្គន់អនាម័យសាធារណៈជាង៤០ កន្លែង នៅជុំវិញកន្លែងប្រារព្វពិធី សរុប៤៧៥បង្គន់ហើយការប្រើប្រាស់មិនយកកម្រៃសេវាឡើយ។
បន្ទប់អនាម័យទាំង២ទីតាំងនេះ ចែកចេញជា១៤បន្ទប់ស្រី៦បន្ទប់ ,ប្រុស៦បន្ទប់ និងសំរាប់ជនពិការចំនួន២បន្ទប់សំរាប់បំរើឲ្យការប្រើប្រាស់ជាសាធារណៈដោយមិនយកប្រាក់។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលអញ្ជើញទៅទទួលបង្គន់អនាម័យទាំង២កន្លែងនេះបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ត្រូវចូលរួមថែរក្សា និងសំអាតបន្ទប់ទឹកនេះឲ្យបានស្អាតជានិច្ច។ឯ.ឧអភិបាលក៏បានអំពាវនាវដល់បងប្អូនអ្នកលក់ដូរទាំងឡាយ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចធ្វើយ៉ាងណារក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ,រក្សាបរិស្ថាន អនាម័យឲ្យបានល្អ។ក្រោយពេលលក់ដូរ ត្រូវសំអាតទីតាំងលក់ដូររបស់ខ្លួនឲ្យបានស្អាតជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ៕ សំរិត