ព័ត៌មានទាន់ហេតុការណ៍៖

ជនវាយប្រហារបើករថយន្តបុកនៅទីក្រុងញូវយ៉កសុំព្យួរទង់ IS នៅក្នុងបន្ទាប់មន្ទីរពេទ្យ

ចែករំលែក៖

ជនវាយប្រហារភេរវកម្មសម្លាប់មនុស្ស៨នាក់ និង១៥នាក់រងរបួសនៅទីក្រុងញូវយ៉កមានដើមកំណើត Uzbekistan ត្រូវបានបញ្ជូនទៅកាន់តុលាការដោយចោទប្រកាន់ពីបទធ្វើសកម្មភាពវាយប្រហារឲ្យក្រុម IS។

សារព័ត៌មានរ៉យទ័របានផ្សាយថា ជនវាយប្រហារភេរវកម្មដោយបើករថយន្តបុកនៅតំបន់ Manhattan ឈ្មោះ Sayfullo Saipov អាយុ២៩ឆ្នាំ ត្រូវបានប៉ូលិសបាញ់ឲ្យរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ការវាយប្រហារខាងលើគឺមានលក្ខណៈទ្រង់ទ្រាយធំបំផុត បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅទីក្រុងញូវយ៉ក ។ នៅក្នុងសវនាការ ជនដៃដល់បានសារភាពថា បានឡើងគម្រោងវាយប្រហារ ជាងមួយខែកន្លងមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺភេរវករខាងលើបានស្នើឲ្យព្យួរទង់ជាតិ IS នៅក្នុងបន្ទាប់ពេទ្យដែលខ្លួនកំពុងព្យាបាល។

នៅក្នុងពេលនិយាយជាមួយក្រុមស៊ើបអង្កេត ជនដៃដល់ Sayfullo Saipov បានទទួលស្គាល់ពីគម្រោងវាយប្រហារខាងលើរបស់ខ្លួន ក្រោយពេលបានមើលឃ្លីបវីដីអូរបស់ក្រុម IS នៅលើទូរស័ព្ទរបស់ខ្លួន។ ជនដៃដល់បានជ្រើសរើសយកថ្ងៃបុណ្យ Halloween សម្រាប់វាយប្រហារ ដោយជឿជាក់ថា នឹងមានអ្នកដំណើរនៅលើដងផ្លូវច្រើនជាងដោយបានឡើងគម្រោងវាយប្រហារនៅលើស្ពាន Brooklyn និងផ្លូវសម្រាប់ជិះកង់។

ក្រៅពីជនដៃដល់ Sayfullo Saipov ក្រុម FBI បានផ្សព្វផ្សាយព័ត៌មានស្វែងរកចាប់ខ្លួន បុរសម្នាក់ផ្សេងទៀត មានដើមកំណើត Uzberkistan មានឈ្មោះ Mikhammadzoir Kadirov អាយុ៣២ឆ្នាំ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម ។

ការវាយប្រហារខាងលើបានបង្ហាញយ៉ាងច្បាស់ថា ក្រុមភេរវកម្មបានលាក់ខ្លួននៅក្នុងទឹកដីអាមេរិកជាច្រើន ដែលអាចបើកការវាយប្រហារគ្រប់ពេលវេលា ។ ជាមួយគ្នានេះ គោលនយោបាយដឹកនាំរបស់លោកត្រាំ ដែលបានដាក់គំនាបទៅលើជនជាតិអិស្លាមកាន់តែធ្វើឲ្យភេរវកម្មបង្កើនការវាយប្រហារថែមទៀត ៕ ម៉ែវ សាធី


ចែករំលែក៖