ព័ត៌មានទាន់ហេតុការណ៍៖

រឺបអូសរថយន្តហាយឡិនឌ័រពីចោរលួចពីរនាក់ប្រគល់ឲ្យជនរងគ្រោះវិញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បាន ស្រាវជ្រាវកំណត់មុខសញ្ញាចោរលួច រហូតឃាត់ខ្លួនបុរស២នាក់ បញ្ចូនទៅតុលាការ ពាក់ព័ន្ធករណីលួចរថយន្តមួយគ្រឿង ស្ថិតនៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវលេខ៣៤៨ ភូមិទី៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ហៀន ឈឿនណារ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ។ ចំណែកជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនរួមមានទី១ មានឈ្មោះ ហាក់ សូរិយា ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ប៊ុន ពៅ ងាយុ២៥ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពពួកគេពិតជាបានធ្វើសកម្មភាពលួចរថយន្តហាយឡិនឌ័រ ផលិតនៅឆ្នាំ២០០០ ពាក់ស្លាកលេខសៀមរាប 2A-9367ជាកម្មសិទ្ធរបស់ជនរងគ្រោះខាងលើប្រាកដមែនកាលពីបីថ្ងៃមុនចាប់ខ្លួននេះ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានរថយន្តខាងលើប្រគល់ឲ្យជនរងគ្រោះវិញ ។ ចំណែក ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីនាថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ៕ ប្រាថ្នា

 


ចែករំលែក៖