ភ្នំពេញ៖ បុរសម្នាក់ បានទៅផឹកស៊ីទាល់តែស្រវឹង បាត់បង់ស្មាតី ហើយឈប់រថយន្តដេកតាមផ្លូវ ត្រូវក្រុមចោរហារយសែងទម្លាក់ វាយជាំភ្នែកប្លន់យកទ្រព្យ និងយកទាំងរថយន្តទៅលក់ទៀត តែត្រូវប៉ូលិសក្រសួងមហាផ្ទៃ ចាប់ចោរប្លន់នោះ បាន២នាក់ និងរករថយន្តឃើញមកវិញ ពេលចោរកំពុងលក់។
ជនសង្ស័យ ដែលនគរបាលចាប់ខ្លួននេះ ឈ្មោះ ហាក់ សូរិយា ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ប៊ុន ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាយប់ជ្រៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ ហៀន ឈឿមណារ៉ុង ភេទប្រុស អាយុ២២ឆ្នាំ បានផឹកស៊ីទាល់តែស្រវឹងវង្វេងស្មារតី បើកឡានលែងទៅមុខកើត ក៏ដេកដួលក្នុងរថយន្តនៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវលេខ៣៤៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ឃើញឱកាសមាសប្រាក់ដូច្នោះ ពួកចោរហារយឈ្មោះ ប៊ុន ពៅ និង ហាក់ សូរិយា បានបើកទ្វារថយន្ត សែងឈ្មោះ ហៀន ឈឿម ណារ៉ុង ទម្លាក់ពីរថយន្ត ពេលជនរងគ្រោះដឹងខ្លួនវិញ ក៏ត្រូវក្រុមចោរវាយផូងផាងដួលសន្លាប់ទៅវិញ យកកាបូបប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗទៀត ថែមទាំងយករថយន្តហាយលែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-6397 ទៅបាត់ទៀត។ លុះព្រឹកឡើង ជនរងគ្រោះបានប្ដឹងទៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ សមត្ថកិច្ចក៏ស្រាវជ្រាវ និងសុំការអនុញ្ញាតពីអយ្យការអមតុលាការឃាត់ខ្លួនឈ្មោះ ហាក់ សូរិយា និង ប៊ុន ពៅ ដែលកំពុងយករថយន្តរបស់ជនរងគ្រោះទៅលក់នៅផ្សារចោរ ៕