ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាពិភាក្សានាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីបង់ក្លាដែសមកស្រុកវិញ

ចែករំលែក៖

រដ្ឋាភិបាល មីយ៉ាន់ម៉ាដែលត្រូវទទួល រងគំនាបយ៉ាងសម្បើម ពីសំណាក់ពិភពលោកនិងការចោទប្រកាន់ពីបទ បោស សម្អាត ជនជាតិភាគតិចនៅក្នុងប្រទេស ពីសំណាក់ អ.ស.ប. បានសន្យាថានឹងចាត់ វិធានការ ដើម្បីអនុញ្ញាតឲ្យជនភៀសខ្លួនទាំងនោះ បានវិលត្រឡប់ចូលមកកាន់ មីយ៉ាន់ម៉ាវិញ ។ មីយ៉ាន់ម៉ាទាមទារដែរ ថា លុះត្រាតែជនភៀសខ្លួនទាំងនោះ មាន ភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថាពួកគេពិតជាធ្លាប់បានរស់នៅក្នុងមីយ៉ាន់ម៉ាពិតប្រាកដមែន។

កិច្ចពិភាក្សារវាងទីក្រុងរ៉ង់ហ្គូននឹងទីក្រុងដាក់កានៅក្នុងការដឹកជញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមកកាន់មីយ៉ាន់ម៉ាវិញ នៅពុំទាន់មានលទ្ធផលបើទោះបីជាមានការដោះដូរយោបល់គ្នាអស់រយៈ ពេលជាច្រើនសប្តាហ៍ក្តី។ ទន្ទឹមនេះ ស្ថានភាពរស់នៅរបស់ជនភៀសខ្លួននៅក្នុងជំរំដែលស្ថិតនៅតាមព្រំដែនរវាងប្រទេស ទាំងពីរ កាន់តែធ្លាក់ចុះដុនដាប។

លំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានចាប់ផ្តើមចាកចេញពីប្រទេសមីយ៉ាន់ម៉ាតាំងពីចុងខែសីហាកន្លងទៅ នៅតែពុំស្រក ស្រុតឡើយ ដោយហេតុថា ជនជាតិភាគ តិចរ៉ូហ៊ីងយ៉ា ប្រមាណជាង៦សែននាក់ បាននាំគ្នាភៀសខ្លួនទៅដល់ប្រទេសបង់ក្លាដែស ក្នុងអំឡុងពេល ២ខែចុងក្រោយ នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាវិញ បានពន្យល់ប្រាប់ដល់ទីភា្នក់ងារព័ត៌មានបារាំង AFP នៅថ្ងៃពុធទី១វិច្ឆិកាថា” មីយ៉ាន់ម៉ាត្រៀមខ្លួនហើយ ក្នុងការទទួលយកជនភៀសខ្លួននៅក្នុងពេលណាមួយ ក៏ប៉ុន្តែរដ្ឋាភិបាលបង់់ក្លាដែស កំពុងតែនៅសិក្សាទៀតលើកិច្ចព្រមព្រៀង។ ប្រភព មីយ៉ាន់ម៉ាដដែល បានអះអាងទៀតថា” ទីក្រុងដាក់កា (Dacca ) ក៏ពុំទាន់បាន បញ្ជូនបញ្ជីផ្លូវការ ស្តីពីជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនពីមីយ៉ាន់ម៉ាតាំងពី ថ្ងៃទី២៥សីហា មកឲ្យមីយ៉ាន់ម៉ា នៅឡើយដែរ។ ក៏ប៉ុន្តែមកទល់ពេលនេះ មីយ៉ាន់ម៉ាបានជូនព័ត៌មានស្តួចស្តើងណាស់នៅលើល័ក្ខខណ្ឌទទួលជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ។ កតា្តនេះហើយ ដែលជំរុញឲ្យអង្គការក្រៅរដ្ឋាភិបាលនានា ព្រួយបារម្ភ ខ្លាច មីយ៉ាន់ម៉ាដាក់ល័ក្ខខ័ណ្ឌរឹតបន្តឹង នៅក្នុងការទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

នៅលើបញ្ហានេះ អ្នកទទួលខុសត្រូវម្នាក់នៅក្នុងក្រសួងការបរទេសបង់ក្លាដែសដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់ប្រាប់ ដល់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ថា “មីយ៉ាន់ម៉ាពុំទាន់ត្រៀមខ្លួននៅឡើយទេ ដោយហេតុតែប្រទេសទាំងពីរនៅមិនទាន់ត្រូវរូវគ្នានៅលើអត្ថបទមួយ។

គួររំលឹកថា ចាប់តាំងពីមានវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងជាលើកដំបូងមក អ.ស.ប. បានប្រកាសទាមទារឲ្យមីយ៉ាន់ម៉ា បិទបញ្ចប់ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសនិងបើករបៀងច្រកសម្រាប់ការដឹកជំនួយមនុស្ស ធម៌ទៅកាន់ភាគខាងលិចប្រទេសក៏ព្រមទាំងការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់តំបន់ដើមកំណើតរបស់ពួកគេវិញ តែការទាមទារទាំងនេះ ឥតបានផល ប្រយោជន៍អ្វីឡើយ។

ម្យ៉ាងទៀត ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាវិញ ពិតជាជួប ប្រទះនឹងភាពស្មុគស្មាញខ្លាំង ដោយហេតុថាភូមិនានារបស់ពួកគេមួយភាគធំ ត្រូវ ឆាបឆេះអស់។

រីឯនៅក្នុង ជំរំជនភៀសខ្លួននៅបង់ក្លា ដែសវិញ ទាំងអាជ្ញាធរក្នុងស្រុកនិងទាំង អង្គការក្រៅរដ្ឋាភិបាល កំពុងតែបារម្ភខ្លាចកើតមានគ្រោះមហន្តរាយមួយខាងផ្នែក សុខភាពនៅទីនោះ ពីព្រោះការទទួលជនភៀសខ្លួនហួសចំណុះនិងភាពស្មោកគ្រោកនៅក្នុងជំរំជនភៀសខ្លួន ដែលមានមនុស្ស ជិត១លាននាក់ហើយនោះ អាចនឹងបង្កឲ្យមានជំងឺកើតឡើងយ៉ាងងាយស្រួលនៅ ក្នុងជំរំជនភៀសខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖