ភ្នំពេញ: ណាហ្គាខប ដែលជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកនិងជា ក្រុមហ៊ុននិងជាសណ្ឋាគារដែលរកប្រាក់ចំណេញបានច្រើនជាងគេមួយនៅក្នុងពិភព លោក។ កាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ បានសម្ពោធណាហ្គាខបទី២ និងផ្សារទំនើបនៅជាន់ក្រោមដីណាហ្គាស៊ីធីរ៉ក ក្រោមទុនវិនិយោគប្រមាណ ១,៥កោដិដុល្លារអាមេរិក។
មានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការនោះ លោក Tan Sri Dr. Chen Lip Keong, ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គា ខប លីមីធីត លើកឡើងថា ណាហ្គាខប មិនត្រឹមតែជាមណ្ឌលកម្សាន្តចម្រុះជំជាងគេ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងធំជាងគេក្នុងតំបន់ទន្លេមេគង្គទៀតផង ហើយក៏ជាក្រុមហ៊ុនកាស៊ីណូទីមួយ នៅក្នុងទីផ្សារភាគហ៊ុនទីក្រុងហុងកុងដែលបានចុះបញ្ជីក្នុងឆ្នាំ២០០៦ ដែលជាក្រុមហ៊ុន បរទេសទីមួយដំណើរការដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា និងចុះបញ្ជីផ្សារភាគហ៊ុន នៅក្រៅប្រទេស។
លោកស្ថាបនិក បានបន្តថា ជាមួយគ្នានេះណាហ្គាខប បានផ្តល់ការងារដល់ ប្រជាជនកម្ពុជាប្រមាណមួយម៉ឺននាក់។ មានន័យថាក្រុមហ៊ុនបានជួយបង្កើតការងារ និង ចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ លោកឲ្យដឹងទៀតថា ណាហ្គា បានជួយលើកកម្ពស់វិស័យទេសចរណ៍ លើកកម្ពស់ ការវិនិយោគទុនពីបរទេស ទាក់ទាញ FDI និងជាក្រុមហ៊ុនធំជាងគេដែលបានបង់ ពន្ធយ៉ាងត្រឹមត្រូវដល់ប្រទេសកម្ពុជា។
ថ្លែងក្នុងនាឱកាសនោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តទាក់ទាញនិងត្រៀមទទួលទេសចរណ៍អន្តរជាតិ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុកក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់រួម ជាមួយនឹងការគៀងគរឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀតកាន់តែសំបូរបែបប្រកបដោយភាពឆ្នៃប្រឌិត និងនវានុវត្តន៍ ទាំងនៅកម្រិត ថ្នាក់ជាតិនិយាយជារួម និងនៅរាជធានីភ្នំពេញនិយាយដោយឡែក។
ក្នុងឱកាសនោះលោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង របស់ ក្រុមហ៊ុនNagaWorld លើការអភិវឌ្ឍគម្រោងទី២នេះ ដែលត្រូវបានសម្ពោធដាក់ឱ្យ ដំណើរការនាថ្ងៃនេះ ស្មើនឹងប្រមាណ ១៦០០បន្ទប់ បន្ថែមស្របពេលដែល រាជធានី ភ្នំពេញមានតម្រូវការបន្ទប់ស្នាក់នៅលំដាប់ស្តង់ដាសម្រាប់ភ្ញៀវទេសចរប្រមាណចំនួន ៤.៣៦៣បន្ទប់បន្ថែមទៀត ក្នុងឆ្នាំ២០១៨ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាង មុខ។
លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា គម្លាតតម្រូវការនេះអាចនឹងឈាន ដល់ប្រមាណ ៧០០០បន្ទប់បន្ថែមនៅឆ្នាំ២០២០ ធៀបនឹងសមត្ថភាពផ្គត់ផ្គង់ក្នុងឆ្នាំ ២០១៧ (ដែលមានប្រមាណ១៦០០០បន្ទប់) ស្ថានភាពដូចគ្នាបាននិងកំពុងកើតមាននៅ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មូលធនទីផ្សាររបស់មណ្ឌល កម្សាន្តណាហ្គាវើល មានទំហំទឹកប្រាក់៣,៥២កោដិដុល្លារអាមេរិក។ ណាហ្គាវើល បាន នឹងកំពុងជួយលើកកម្ពស់កិត្តិស័ព្ទរាជធានីភ្នំពេញជាកំពូលមណ្ឌលកម្សាន្ត និងទេស ចរណ៍ប្រចាំប្រទេសកម្ពុជា និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយភាព វិជ្ជមានផងដែរ៕ ស តារា