ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីពួកគេនាំគ្នាដេញវាយគ្នាពេញផ្លូវសារធាណៈ

ចែករំលែក៖

ភ្នំពេញៈ ក្មេងស្ចាវ២ក្រុម ដេញវាយគ្នាពេញផ្លូវសារធាណៈ រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែយុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន នាំយកមកសាកសួរ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលសម្ដេចជួនណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា មុនកើតហេតុ ក្មេងស្ចាវ១ក្រុម មានគ្នា៣ម៉ូតូ​ ហើយបានសុំទោសទៅកាន់ក្មេងស្ចាវ១ក្រុមផ្សេងទៀត តែមិនដឹងយ៉ាងម៉េច ក្មេងស្ចាវទាំង២ក្រុមនោះ និយាយមិនត្រូវគ្នា ក៏ដេញគ្នាពេញផ្លូវ សារធាណៈបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន ចុះមកអន្តរាគមន៍ភ្លាមៗ ខណៈដែលសមត្ថកិច្ចចុះមកដល់ ក្មេងស្ចាវទាំង២ក្រុមនោះ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុតែម្តង ប៉ុន្តែសមត្ថកិច្ចដេញតាមចាប់ឃាត់បានយុវជនម្នាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GO- 6146 រួចក៏នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់។

ក្រោយសមត្ថកិច្ចសួរនាំរួច ទើបដឹងថា យុវជនដែលឃាត់ខ្លួនខាងលើនេះ គឺជាជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចក៏ឲ្យ​ក្រុមគ្រួសារនាំទៅសម្រាក​ព្យាបាលនៅឯមន្ទីរពេទ្យសិន ហើយចាំឲ្យ​មកដាក់ពាក្យបណ្តឹងតាមក្រោយ ៕ ស រស្មី

 

 


ចែករំលែក៖