ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានប្រពន្ធយកពូថៅកាប់ចំមុខសៀតផ្កា និងត្រង់ក ប្រហែល១០ពូថៅបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះដេកលង់លក់ក្រោយពីមើលសៀវភៅធម៌រួចហើយនោះ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង១២នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ហែម សារុំ នាយប៉ុស្ថិ៍នគរបាលឃុំតាសាញ ប្រាប់ឲ្យសារព័ត៌មាននគរវត្តដឹងថា ស្រ្តីសង្ស័យឈ្មោះ អោ ឆវន្ដ័ អាយុ៤៨ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅចំណុចកើតហេតុ ចំណែកបុរសរងគ្រោះមានឈ្មោះ ធុន សុធា អាយុ៤៩ឆ្នាំ មុខរបរធ្វើចំការ គ្រួសារនេះមានកូនប្រុស ស្រី៤នាក់ រស់នៅភូមិ ឃុំខាងលើ ។
លោកនាយប៉ុស្ថិ៍ប្រាប់ឲ្យដឹងទៀតថាៈ បុរសរងគ្រោះត្រូវបានប្រពន្ធកាប់ចំក្បាល១ពូថៅ កាប់ចំមុខ៣ពូថៅ និងកាប់ចាប់អាករប្រហែល៤ទៅ៥ពូថៅ ស្ទើរដាច់កបណ្តាលឲ្យស្លាប់នៅលើគ្រែក្នុងថ្លុកឈាមក្រោមដំបូលផ្ទះស្បូវទ្រុឌទ្រោម។
លោកប្រាប់ឲ្យដឹងទៀតថាៈ ស្ត្រីជាប្រពន្ធមានសតិមិនល្អសរសៃប្រសាទប្រហែល១០ឆ្នាំមកហើយ ប៉ុន្តែគ្មានការបញ្ជាក់ពីគ្រូពេទ្យនោះឡើយ។ កន្លងមក អ្នកភូមិ និងប្តីរងគ្រោះខាងលើ ក៏ត្រូវបានស្ត្រីរូបនោះធ្លាប់ដេញកាប់ផងដែរ ប៉ុន្តែមិនដែលបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ដោយឡែកនៅថ្ងៃកើតហេតុខាងលើ បើតាមអ្នកជិតខាងប្រាប់សមត្ថកិច្ចថា បុរសរងគ្រោះជាប្តី បានដេកនៅលើគ្រែតែម្នាក់ឯងមើលសៀវភៅធម៌ ចំណែកកូនតូចៗ៤នាក់រត់លេងបាត់អស់ ។ លុះបន្ទាប់មក ស្រាប់តែស្រ្តីជាប្រពន្ធបានយកពូថៅកាប់ទៅលើប្តីដែលដេកលង់លក់បណ្តាលឲ្យស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ក្រោយកើតហេតុ ស្រ្តីសង្ស័យបានរត់ទៅប្រាប់អ្នកភូមិឲ្យជួយយកប្ដីគាត់ធ្វើបុណ្យផង។ គាត់បានកាប់ប្ដីស្លាប់ហើយបន្ទាប់ពីបានឮស្រ្តីសង្ស័យប្រាប់អ្នកភូមិបែបនោះ អ្នកភូមិក៏បាននាំគ្នាទៅមើល ក៏បានឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនស្រ្តីសង្ស័យ និងដកហូតវត្ថុតាងពូថៅ១ សមត្ថកិច្ចបានកោសល្យវិច័យសពតាមជំនាញ និងចាប់បញ្ជូនស្រ្តីសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕ សំ វិច្ឆិកា