ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កើនទំនាក់ទំនងសម្ពន្ធមិត្តដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង

ចែករំលែក៖

ជប៉ុនមានតួនាទីយ៉ាងសំខាន់ នៅក្នុងគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ នៅក្នុងតំបន់អាស៊ី ពិសេសគឺគោលជំហរ រឹងមាំជាមួយកូរ៉េខាងជើង។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកបានទៅកាន់ប្រទេសជប៉ុន ដែល ជាទីតាំងដំបូងបង្អស់ នៅក្នុងដំណើរទស្សន កិច្ចទៅកាន់អាស៊ី របស់លោក ត្រាំ។ ដំណើរ ទស្សនកិច្ចធ្វើឡើង ក្នុងពេលដែលកូរ៉េខាងជើងបានព្រមានវាយប្រហារអាមេរិក។

លោក ត្រាំ បានប្រកាសថា គ្មាន ប្រទេសណាមួយដែលហ៊ានមើលងាយ មើលស្រាលអាមេរិកឡើយ។ ទាំងនោះ គឺជាសារផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង។ លោក ត្រាំ បញ្ជាក់ទៀតថា លោក នឹងធ្វើគ្រប់យ៉ាងដើម្បីការពារសម្ពន្ធមិត្ត។

ជាមួយគ្នានេះដែរ លោក ត្រាំ ក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអាមេរិក-ចិន គឺជាការចាំបាច់មិន អាចខ្វះបានឡើយ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកបាននិយាយនៅដើមដំបូង នៃ ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីថា ប្រទេសចិនកំពុងសម្លឹងមើលអាមេរិកខ្លាំង ហើយក៏មានភាពរួសរាយរាក់ទាក់ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បាន ឲ្យដឹងថា បន្ទាប់ពីការចុះចតនៅអាស៊ីក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏វែងបំផុត នោះលោក ត្រាំ ជឿថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងអាមេរិក នឹងចិន គឺជាការចាំបាច់។

យោងតាមតួលេខរបស់ការិយាល័យ តំណាងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា កាលពីឆ្នាំមុន ពាណិជ្ជកម្ម និងទំនិញសេវាកម្មរបស់អាមេរិកជាមួយប្រទេសចិនមានចំនួនប្រមាណ ៦៤៨,២ពាន់លាន ដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ និងមន្រ្តីអាមេរិកផ្សេងទៀត ធ្លាប់បានគំរាមបញ្ឈប់ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសទាំងឡាយណាដែលរកស៊ីជាមួយប្រទេសកូរ៉េខាងជើង។ លោកក៏ បានកត់សម្គាល់ថា ការធ្វើពាណិជ្ជកម្មនឹងក្លាយទៅជាប្រធានបទសំខាន់មួយ នៃ ដំណើរទស្សនកិច្ចរបស់លោកលើកនេះ៕ ម៉ែវ សាធី


ចែករំលែក៖