ព័ត៌មានទាន់ហេតុការណ៍៖

ការចង់ផ្តាច់ខ្លួនជាប្រទេសឯករាជ្យកាតាឡូនៀត្រូវបាត់បង់ក្រោយមន្ត្រី៤រូបទៀតប្រគល់ខ្លួន

ចែករំលែក៖

ការទាមទារផ្តាច់ខ្លួនរបស់មេដឹកនាំកាតាឡូនៀ គឺជាបញ្ហាធំ ហើយប្រទេសនៅ ក្នុងតំបន់អឺរ៉ុបទាំងអស់មិនពេញចិត្តនឹង ការផ្តាច់ខ្លួនជាប្រទេសឯករាជ្យថ្មីនៅអឺរ៉ុប អាចធ្វើឲ្យអឺរ៉ុបធ្លាក់នៅក្នុងភាពចលាចល។

នៅពេលនេះ ដីកាចាប់ខ្លួនរបស់អឺរ៉ុប មួយ បានចេញសម្រាប់អតីតប្រធានាធិបតីតំបន់កាតាឡូនៀ គឺលោក Carles Puigdemont និងអតីតរដ្ឋមន្ត្រី៤រូបទៀត ជាគណៈរដ្ឋមន្រ្តីរបស់លោកដែលបានភៀសខ្លួនទៅប្រទេសបែលហ្សុីក ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានស្វែងរកពួកគេ ឲ្យវិលត្រឡប់ ដើម្បីសាកសួរនៅក្នុងការស៊ើបអង្កេតនៃការជំរុញឲ្យមានឯករាជ្យ ក្នុងតំបន់កាតាឡូនៀ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមអ្នកនាំពាក្យរបស់ ការិយាល័យព្រះរាជអាជ្ញានៅទីក្រុងប្រ៊ុចស៊ែល ដែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាលោក Puigdemont និងសមាជិក៤នាក់ផ្សេងទៀត នៃរដ្ឋា ភិបាលកាតាឡូនៀបានប្រគល់ខ្លួនឲ្យ ប៉ូលិសបែលហ្ស៊ិក។

យោងតាមអ្នកតំណាងព្រះរាជអាជ្ញា បានឱ្យដឹងថា អតីតប្រធានាធិបតីកាតា ឡូនៀរួមជាមួយសមាជិកគណៈរដ្ឋមន្ត្រី ដែលរត់គេចខ្លួន រួមជាមួយនឹងមេធាវីរបស់ពួកគេបានមកដល់កន្លែងប៉ូលិសនៅប្រ៊ុចស៊ែលដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ អេស្ប៉ាញ បានចេញដីកាចាប់ខ្លួនអឺរ៉ុប មួយ សម្រាប់លោក Puigdemont និង អតីតរដ្ឋមន្រ្តី៤រូបទៀត របស់លោក ខណៈ ដែលក្រុមមន្រ្តីទាំងនោះ កំពុងប្រឈមនឹង ការចោទប្រកាន់ ពីការរៀបចំការបះបោរ និងការបញ្ឈប់មូលនិធិរបស់រដ្ឋ។

លោក Puigdemont បានភៀសខ្លួនទៅកាន់ប្រទេសបែលហ្សុិកបន្ទាប់ពីរដ្ឋាភិបាល ទីក្រុង ម៉ាឌ្រីដ បានបង្កើតមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញ ដោយណែនាំពី ការគ្រប់គ្រងដោយផ្ទាល់ទៅលើតំបន់ កាតាឡូនៀ បន្ទាប់ពីតំបន់នេះ បាន ប្រកាសឯករាជ្យ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ៕ ម៉ែវ សាធី


ចែករំលែក៖