ព័ត៌មានទាន់ហេតុការណ៍៖

ហាងទទួលបញ្ចាំ សាង ហ្សេង សង្ស័យអត់ច្បាប់ត្រូវគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យនិងបិទអាជីវកម្មបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ហាងទទួលបញ្ចាំមួយកន្លែង មានយីហោ «សាង ហ្សេង» ត្រូវគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យ និងបិទអាជីវកម្មជាបណ្តោះអាសន្ន ព្រោះពុំមានច្បាប់អនុញ្ញាត កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ០៩
តាមបណ្ដោយផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីីភ្នំពេញ ។

ប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានមន្ត្រីប៉ូលិស កងរាជអាវុធហត្ថខណ្ឌជាច្រើនរូបទៀត។ ការចុះទៅត្រួតពិនិត្យ ចំពោះទីតាំងបើកសេវាកម្មទទួលបញ្ចាំ យីហោ «សាង ហ្សេង» នេះ ដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស «ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ»។

លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងផ្ទាល់បានប្រាប់ថា៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលដាក់ផែនការអភិបាលខណ្ឌទាំង១២ ចុះឆែកឆេរ និងត្រួតពិនិត្យតាមឃ្លាំង និងហាងបញ្ចាំម៉ូតូ និងរថយន្តនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើសនានា។

ជាមួយគ្នានេះ មន្រ្តីសាលាខណ្ឌ បានបន្តទៀតថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទៅលើទីតាំងបើកសេវាកម្មទទួលបញ្ចាំនេះមានតំណាងម្ចាស់ទីតាំងឈ្មោះ ឃុន ពុទ្ធាវី ភេទស្រី ស្នាក់នៅផ្ទះលេខ០៩តាមបណ្ដោយផ្លូវ១០០៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើទោះបីជាយ៉ាងណា បន្ទាប់ពីប្រតិបត្តិការត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាពចម្រុះខណ្ឌសែនសុខ លើទីតាំងខាងលើដោយសង្ស័យមិនមានលិខិតអនុញ្ញាត ត្រូវបានលោក ហោ វាសនា អភិបាលរងខណ្ឌ អះអាងថាទីតាំងខាងលើនេះ គឺពិតជាមិនមានច្បាប់ទម្លាប់ត្រឹមត្រូវមែន «មិនទាន់មានអាជ្ញាប័ណ្ណ» ប៉ុន្តែម្ចាស់បានបញ្ជាក់ថា ច្បាប់អោយគេរត់ការហើយតែមិនទាន់បាន។ តែទោះជាយ៉ាងនេះក្តី គណៈបញ្ជាការឯកភាពបានផ្អាកអាជីវកម្មទីតាំងនេះជាបណ្តោះអាសន្នសិន រង់ចាំមានឯកសារគ្រប់គ្រាន់ទើបអោយបន្តអាជីវកម្មវិញ៕ ដោយ៖ តុង សីហា

 

 


ចែករំលែក៖