ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រជាពលរដ្ឋកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ ពេលធ្វើទស្សនកិច្ចនៅទីក្រុងសេអូ៊ល

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ប្រទេសដែលលោកត្រាំប្រឈមមុខខ្លាំងជាងគេនោះគឺនៅកូរ៉េខាងត្បូង ។ បាតុករកូរ៉េខាងត្បូងប្រឆាំង មិនស្វាគមន៍ លោកដូណាល់ ត្រាំទេ ព្រោះគេបារម្ភខ្លាច ថា សម្ដីរិះគន់របស់លោកដូណាល់ ត្រាំ ទៅលើក្រុងព្យុងយ៉ាង នឹងរឹតតែធ្វើឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលតានតឹងរួច ទៅហើយនោះ គឺកាន់តែតានតឹងខ្លាំងឡើង ថែមទៀត។ សម្រាប់បាតុករកូរ៉េខាងត្បូង គេត្រូវតែលើកកម្ពស់សន្តិភាព ចរចា សន្តិ ភាពជាមួយកូរ៉េខាងជើង មិនត្រូវរឹងរូស ប្រើកម្លាំងយោធា ទៅតាមការចង់បាន របស់លោក ដូណាល់ ត្រាំ នោះទេ។

រហូតមក លោកដូណាល់ ត្រាំតែងតែ បន្តសង្រ្គាមពាក្យសម្ដីជាមួយមេដឹកនាំកូរ៉េខាងជើង ដែលលោកធ្លាប់ចាត់ទុកថាជា បុរសមីស៊ីល។ រាល់លើក ដែលកូរ៉េខាង ជើងបាញ់សាកល្បងមីស៊ីល លោក ដូណាល់ ត្រាំ តែងនិយាយគំរាមបកវិញថា នឹងប្រើជម្រើសយោធា។ នៅអង្គការសហ ប្រជាជាតិ លោកហ៊ានដល់ទៅគំរាមថា នឹងបំផ្លាញរបបកុម្មុយនីស្តព្យុងយ៉ាងឲ្យឆេះ គ្មានសល់។ សម្រាប់ប្រជាជនកូរ៉េខាង ត្បូង ពាក្យគំរាមរបស់លោកដូណាល់ ត្រាំ ប្រៀបបាននឹងការយកសាំងទៅចាក់លើភ្លើង ព្រោះកូរ៉េខាងជើងដែលមានអាវុធ នុយក្លេអ៊ែរ និងផលិតបានមីស៊ីល អន្តរទ្វីប ក៏ឆេវឆាវណាស់ដែរ។ ក្នុងករណីដែល មានភ្លើងសង្រ្គាមឆាបឆេះឡើង អ្នកដែល រងគ្រោះមុនគេ មិនមែនអាមេរិកទេ។ ប៉ុន្តែ ជាប្រជាជនកូរ៉េខាងត្បូង ដែលរស់នៅជាប់របងជាមួយកូរ៉េខាងជើងនោះ។

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចមួយវង់ធំនៅអាស៊ី ជាមួយប្រទេសជប៉ុន។ ពេលទៅដល់ ទីក្រុងតូក្យូ នៅថ្ងៃអាទិត្យកន្លងមកនេះលោកដូណាល់ ត្រាំ បានព្រមានមិនឲ្យរបប ណាមួយ ឬមេដឹកនាំផ្តាច់ការណាមួយមើលស្រាលការប្តេជ្ញាចិត្តរបស់អាមេរិកនោះទេ។ លោកដូណាល់ ត្រាំមិនបាននិយាយ ចំៗឈ្មោះ។ ប៉ុន្តែគេដឹងរួចទៅហើយថា មេដឹកនាំផ្តាច់ការនោះអាចជាលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ កូរ៉េ ខាងជើង និងការដោះដូរពាណិជ្ជកម្ម ជា ប្រធានបទចម្បង ក្នុងទស្សនកិច្ចលើកទី១របស់ប្រធានាធិបតីអាមេរិក នៅអាស៊ី។

នៅមូលដ្ឋានទ័ពអាមេរិក នាជាយក្រុង តូក្យូ កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកដូណាល់ ត្រាំ បានប្រកាសនៅចំពោះ មុខទ័ពអាមេរិក និងជប៉ុនថា ជប៉ុននេះជា ដៃគូដ៏មានតម្លៃ និងជាសម្ពន្ធមិត្តដ៏សំខាន់ របស់អាមេរិក។

តាមរយៈសារនេះ លោកដូណាល់ ត្រាំ ចង់ បញ្ជាក់ទៅប្រជាជនជប៉ុនថា អាមេរិក នឹងនៅតែការពារជប៉ុន ដែលកូរ៉េខាងជើង ធ្លាប់បានគំរាមថា នឹងបាញ់មីស៊ីលពន្លិចឲ្យខ្ទេចទៅក្នុងសមុទ្រ។

កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា យន្តហោះ ទម្លាក់គ្រាប់បែករបស់អាមេរិក ជាច្រើន គ្រឿង ដែលអមដោយយន្តហោះចម្បាំង របស់ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើ សមយុទ្ធរួមគ្នា ដោយបានបើកហោះនៅ ក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង ក្បែរ ចុងច្រមុះរបស់កូរ៉េខាងជើង។

ដោយបញ្ជាក់ជំហរការពារជប៉ុន នៅ ចំពោះការគំរាមកំហែងបាញ់មីស៊ីលរបស់កូរ៉េខាងជើង លោកដូណាល់ ត្រាំ បានកែ ប្រែសម្ដី ដែលលោកធ្លាប់បាននិយាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ កាល ណោះ លោកដូណាល់ ត្រាំ ធ្លាប់និយាយ ចង់ បិទមូលដ្ឋានទ័ពអាមេរិក នៅជប៉ុន បើសិនជប៉ុនមិនចូលរួមរំលែកបន្ទុកចំណាយយោធារបស់ទាហានអាមេរិក នៅជប៉ុន នោះទេ។

នៅមុនដំណើរទស្សនកិច្ចទៅអាស៊ី លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងទទួលជោគជ័យ ហើយទស្សន កិច្ចរបស់លោកនឹងផ្តល់លទ្ធផលជាផ្លូវការ។ គេមិនដឹងថា តើ ជោគជ័យដែលលោក ដូណាល់ ត្រាំ លើកមកនិយាយនេះ កើត ឡើងដោយ សារការប្រើនយោបាយការ ទូត ឬការគំរាមកំហែងនោះទេ?

ប៉ុន្តែ បើស្តាប់តាមប្រសាសន៍របស់ប្រធានាធិបតីអាមេរិក នៅមូលដ្ឋានទ័ពអាមេរិក នៅជាយក្រុងតូក្យូ លោកដូណាល់ ត្រាំ បាន ប្រើពាក្យគំរាមច្រើនជាងឥរិយាបថស្រទន់ ដើម្បី ដោះស្រាយវិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើង។ ជាក់ស្តែង នៅថ្ងៃដំបូង ដែលលោកទៅជាន់ទឹកដីអាស៊ីភ្លាម នៅ ជប៉ុន លោកបាននិយាយព្រមានរួចជា ស្រេច មិនឲ្យមេដឹកនាំផ្តាច់ការ ឬរបប ណាមួយមើល ងាយអាមេរិកឡើយ។

ជាអ្នកជំនួញ គ្មានបទពិសោធន៍ធ្វើ នយោបាយ លោកដូណាល់ ត្រាំ មាន ជំនាញសូន្យ ខាងធ្វើនយោបាយការ បរទេស។ ឧទាហរណ៍ មុននឹងចេញ ដំណើរទៅអាស៊ី នៅទូរទស្សន៍ អាមេរិកាំង FOX លោកដូណាល់ ត្រាំ បានផ្ញើសារ ដ៏ចម្លែកមួយទៅកាន់មេដឹកនាំចិន។ លោកដូណាល់ ត្រាំ និយាយថា ជប៉ុនជា ប្រទេសអ្នកចម្បាំង។ ដូច្នេះចិនសម្ពន្ធមិត្ត របស់កូរ៉េខាងជើង បើសិនជាបណ្តោយទុកឲ្យកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍនុយក្លេអ៊ែរទៀត មុខជានឹងអាចប៉ះទង្គិចជាមួយ ជប៉ុនក្នុងពេលឆាប់ៗ ខាងមុខ។ សម្ដី របស់លោក ប្រៀបបាននឹងការញុះញង់ រុញឲ្យកើតមានសង្រ្គាម ប្រយុទ្ធគ្នារវាងចិន នឹងជប៉ុន។ នយោបាយការបរទេស របស់លោកដូណាល់ ត្រាំ នឹងអាចទៅបង្ក ឲ្យមានចលាចល ភាពវឹកវរ ច្រើនជាងទៅ បង្កើតភាពស្ងប់សុខ នៅអាស៊ី។

-ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧វិច្ឆិកា លោក ដូណាល់ ត្រាំទៅប្រទេសជប៉ុន។

-ពីថ្ងៃទី ៧ដល់ថ្ងៃទី ៨វិច្ឆិកា លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជាសម្ពន្ធមិត្តរបស់អាមេរិក ប៉ុន្តែ លោកដូណាល់ ត្រាំ នឹងមិនស្ថិតនៅយូរថ្ងៃនៅកូរ៉េខាងត្បូងទេ ព្រោះថាលោកមិនសូវចុះសម្រុងខ្លាំងជាមួយ ប្រធានាធិប តីកូរ៉េខាងត្បូង លោកមូន ជេអុីន ដែល មានជំហរនយោបាយចង់ចរចាជាមួយ កូរ៉េខាងជើង ផ្ទុយពីលោកដូណាល់ ត្រាំ។

-ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា លោកដូណាល់ ត្រាំ ត្រូវទទួលយ៉ាងអធិកអធមដោយរដ្ឋាភិបាលក្រុងប៉េកាំង។ បញ្ហាពាណិជ្ជកម្ម និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ជាប្រធានបទសំខាន់ ក្នុង ជំនួបរវាងមេដឹកនាំអាមេរិក នឹងចិន នៅ ទីក្រុងប៉េកាំង។ លោកដូណាល់ ត្រាំ នៅតែបន្តទាមទារឲ្យចិនចូលរួមឲ្យកាន់តែ ខ្លាំងដាក់សម្ពាធលើ កូរ៉េខាងជើង ជា សម្ពន្ធមិត្តរបស់ចិន។ ចិនដែលបានចូល រួមបោះឆ្នោតដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅ កូរ៉េខាងជើង នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជាមិនចាត់វិធានការក្តៅបន្ថែមប្រឆាំងសម្ពន្ធមិត្ត ព្យុងយ៉ាង នោះទេ ព្រោះការដួលរលំកូរ៉េខាងជើង នឹងបង្កឲ្យមានវិបត្តិជនភៀសខ្លួន និងប៉ះ ពាល់ដល់សេដ្ឋកិច្ច រួមទាំងនយោបាយភូមិសាស្រ្តរបស់ចិននៅអាស៊ី៕ ម៉ែវ សាធី


ចែករំលែក៖