ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ក្រុមអ្នកទម្លាក់យោងប្តីប្រពន្ធ២គូដែលធ្វើសកម្មភាពបានសម្រេចនៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រុមអ្នកទម្លាក់យោង២គូជាប្តីប្រពន្ធនឹងគ្នាបានធ្វើសកម្មភាព បោកបញ្ឆោតជនរងគ្រោះបានសម្រេចទៅហើយ ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់បាន ក្រោយរយៈពេល១ម៉ោង។ ហេតុការណ៍ចាប់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៩និង ១៥នាទីនៅចំណុចឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា នៅវេលាម៉ោង៨និង ៤០នាទីក្រុមជនសង្ស័យដែលមានគ្នា៤ នាក់ជិះម៉ូតូ២គ្រឿងបានប្រើល្បិចទម្លាក់ ខ្សែដៃកាឡៃពីមុខជនរងគ្រោះឈ្មោះ សុធារី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ហើយក៏បាននាំជនរងគ្រោះទៅ ប្តូរគ្នានៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយទុកខ្សែកច្រវាក់ឆាបកាឡៃមួយខ្សែ ឲ្យជនរងគ្រោះ។

រីឯទ្រព្យសម្បត្តិដែលជនរងគ្រោះប្រគល់ ឲ្យទៅក្រុមជនសង្ស័យដូរយកខ្សែកច្រវាក់ ឆាបកាឡៃនោះរួមមាន៖

១-កងដៃបន្ទះសំប៉ែតប្លាទីន១វង់មាន ទម្ងន់៤ជី ។

២-កងដៃប្លាទីន១គូទម្ងន់២ជី ។

៣-ខ្សែកច្រវាក់ឆាបប្លាទីន១ខ្សែទម្ងន់ ៣ជី៥ហ៊ុន ។

៤-ក្រវិលមាស១គូទម្ងន់៥ហ៊ុន ។

៥-ចិញ្ចៀនប្លាទីនដាំត្បូង១វង់តម្លៃ៧ ម៉ឺនរៀល ។

បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជន សង្ស័យទាំង៤នាក់បាននាំគ្នាជិះម៉ូតូគេច ខ្លួនបាត់ ហើយជនរងគ្រោះក៏បន្តដំណើរ មកផ្សារព្រៃទទឹងទើបដឹងថា របស់ដែលខ្លួនទទួលបានពីពួកជនសង្ស័យគឺជាគ្រឿង កាឡៃ ហើយក៏ប្តឹងសមត្ថកិច្ចភ្លាមៗ ។

ក្រោយពីទទួលបានព័ត៌មាននេះកម្លាំង ជំនាញស្រុកព្រៃឈរបានបើកប្រតិបត្តិការ តាមចាប់ក្រុមជនសង្ស័យដល់ចំណុចឃុំ ក្រូច ស្រុកព្រៃឈរនៅវេលាម៉ោង៩និង១៥ នាទី។ ក្រុមជនសង្ស័យទាំង៤នាក់ដែល សមត្ថកិច្ចចាប់បានរួមមាន ១-ឈ្មោះ ឆៃ ផានិត អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្តៅ ក្រោម ឃុំ​ស្តៅ ស្រុកកងមាស ខេត្តកំពង់ ចាមជាប្តី និង២-ជាប្រពន្ធឈ្មោះ នួន អាតី អាយុ៣២ឆ្នាំ មានទីលំនៅជាមួយប្តី, ទី៣-ឈ្មោះ គិត ផាន់ណា ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប្តី និង ៤-ជាប្រពន្ធឈ្មោះ លី ស្រីយ៉ះ រស់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានដក ហូតវត្ថុតាងជាគ្រឿងអលង្ការទាំងអស់ និង មធ្យោបាយធ្វើដំណើរ (ម៉ូតូ)២គ្រឿង សម្រាប់ជិះធ្វើសកម្មភាព និងទូរស័ព្ទដៃ៣ គ្រឿង ។ នៅក្នុងចំណោមជនសង្ស័យទាំង ៤នាក់នោះសមត្ថកិច្ច​រកឃើញមាន៣នាក់ ប្រើប្រាស់គ្រឿងញៀន ។

កាលពីសប្តាហ៍មុននៅជិតតំបន់កើត ហេតុខាងលើនេះក៏មានករណីដូចគ្នានេះ កើតឡើងផងដែរ។ ជនរងគ្រោះបានដោះខ្សែកឲ្យទៅជនសង្ស័យដោយដូរយកគ្រាប់លីបកង់មួយថង់ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការ តាមនីតិវិធី ៕ ហេង នរិន្ទ្រ


ចែករំលែក៖