ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការនី ១៥,១៦៧ នាក់ មកពីរោងចក្រចំនួន២០នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលនេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីសប្តាហ៍នេះតទៅ សម្តេចតេជោ នឹងយក១ថ្ងៃទៀតដើម្បីចុះជួបកម្មករកម្មការនីនៅតាមរោងចក្រ ។ ចាប់ពីសប្តាហ៍ក្រោយទៅ សម្តេចតេជោ នឹងជ្រើសរើសថ្ងៃអង្គារ៍ ឬថ្ងៃសុក្រ ដើម្បីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករដោយផ្ទាល់នៅតាមរោងចក្រ បន្ថែមទៅនឹងកម្មវិធីចុះជួបប្រចាំសប្តាហ៍ដែលធ្វើនៅរៀងរាល់ថ្ងៃពុធ និងអាទិត្យ។
នៅក្នុងឱកាសនេះដែល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសប្បាយរីករាយ ជាមួយថ្ងៃឈប់សំរាករបស់បងប្អូនកម្មករកម្មការនី និងមន្ត្រីរាជការក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃកន្លងមកថ្មីៗនេះដោយសារប្រទេសជាតិមានសុខសន្តិភាព។ កត្តាសំខាន់ៗ៤ ដែលធ្វើអោយយើងទទួលបាននូវភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យទានកន្លងមកគឺ: ១)កត្តាសន្តិភាព បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ និងធ្វើអោយពលរដ្ឋរស់នៅសុខសប្បាយ។
២) កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ ដូចជាផ្លូវ ស្ពាន គ្រប់ទីកន្លែង ដែលបានបម្រើប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលបានទិញផ្លូវ និងស្ពានមួយចំនួនពីក្រុមហ៊ុនឯកជនយកមកគ្រប់គ្រងមិនអោយពលរដ្ឋបង់ថ្លៃការធ្វើដំណើរឆ្លងកាត់។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានទិញយកស្ពានឆ្លងដៃសមុទ្រជិត ២គីឡូម៉ែត្រ ដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ដោយមិនយកលុយតទៅទៀតឡើយ។
៣)កត្តាមធ្យោបាយធ្វើដំណើរ ដែលប្រជាពលរដ្ឋមានស្ទើរគ្រប់ៗគ្នា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងមានលទ្ធភាពធ្វើដំណើរទៅកម្សាន្តបានគ្រប់ទីកន្លែង។
៤)កត្តាប្រាក់ចំណូល គឺប្រជាពលរដ្ឋមានប្រាក់ចំណូលកាន់តែធូរធារប្រសើរឡើងជាងមុន ជាពិសេសមន្ត្រីរាជការក៏ត្រូវបានតម្លើងប្រាក់ខែជាបន្តបន្ទាប់។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ។ ទី២)រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង(សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ(២០១៨)ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។ ទី៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…)គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង១៥នាទី។ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន កម្មការនី អំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន (១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២)គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន (៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករកីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។
ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធនឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ជិយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះចំនួន ៣៦៧ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីអាណិតស្រឡាញ់និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ