ព័ត៌មានទាន់ហេតុការណ៍៖

ចោរមានកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចពេលលួចម៉ូតូបានហើយបើករត់

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព​លួច​កាច់​សោរ.ក​ម៉ូតូ ១គ្រឿង បានសម្រេច និង​បាន​ផ្ទុះអាវុធ​បាញ់​ទៅលើ​សមត្ថកិច្ច ៤គ្រាប់ នៅ​ចំណុច​ភូមិ​កូន​សាត់ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ណុប វីរៈ ភេទ​ប្រុស អាយុ ២៦ឆ្នាំ នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាប ចិន ភេទ​ប្រុស អាយុ ៦២ឆ្នាំ រស់នៅ​ភូមិ​កូន​សាត់ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ទៅ​ម៉ាក C125 សេរី២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។

ប្រភពពីសមត្ថកិច្ចដដែលបន្តថា ពេលធ្វើ​សកម្មភាព​រួច ​ជនសង្ស័យ​បានគេច​ខ្លួន​ដោយ​ជិះ​ម៉ូតូ​មក​ទិស​ខាងលិច រហូតដល់​ចំណុច​ខាងជើង​សាលាស្រុក​ប្រាសាទបាគង ក៏ត្រូវ​សមត្ថកិច្ច​តាម​មក ហើយ​ជនសង្ស័យ​បាន​បាញ់​មកលើ​សមត្ថកិច្ច ចំនួន ៤គ្រាប់ ទើប​សមត្ថកិច្ច​ធ្វើការ​បាញ់​តបត ១គ្រាប់ ចំ​ដៃ​ខាងស្តាំ រួច​ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ។ ភ្លាមៗនោះ សមត្ថកិច្ច​បានធ្វើការ​ឡោមព័ទ្ធ និង​ចាប់ខ្លួនបាន​តែម្តង ព្រមទាំង​រឹបអូស​វត្ថុតាង​ម៉ូតូ​ខាង​លេ​ី និង​កាំភ្លើង​ខ្លីម៉ាក K៥៩ ចំនួន ១ដើម ហើយ​បញ្ជូន​ខ្លួន​មកកាន់​ការ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រសាទ​បាគង ដើម្បី​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​អនុវត្ត​ទៅតាម​ច្បាប់ ៕


ចែករំលែក៖