ភ្នំពេញ៖ គម្រោងភ្នំពេញស៊ីធីសិនធ័រ (PPCC) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងឈានមុខគេនៅកម្ពុជា បានក្លាយជាទិសដៅចាប់អារម្មណ៍ក្នុងតំបន់ នៅក្នុងកម្មវិធីដែលរៀបចំនៅប្រទេសសិង្ហបុរី នៅពេលដែល នាយកក្រុមហ៊ុន PPCC គឺលោក ឡាវ អាឡិច បានបង្ហាញទៅកាន់អ្នកជំនាញអចលនទ្រព្យក្នុងតំបន់ អំពីគម្រោងអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតានេះ ក្នុងនាមជាគម្រោងដែលផ្ដល់ “មជ្ឈដ្ឋានរស់នៅ និងប្រកបការងារប្រកបដោយសុវត្ថិភាព និងមានពណ៌បៃតង” ដែលបំពេញតាមសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ និងទីក្រុងជារួម។
លោក ឡាវ អាឡិច បានធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំកំពូលស្ដីពីអចលនទ្រព្យអាស៊ី ឆ្នាំ ២០១៧ រៀបចំដោយ Property Guru នៅក្នុងប្រទេសសិង្ហបុរី នៅក្នុងនាមជាវារគ្មិនម្នាក់ក្នុងចំណោមអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងតំបន់ សម្រាប់ពិភាក្សាលើប្រធានបទ “ទស្សនវិស័យ និងឱកាសក្នុងទីផ្សារអាស៊ាន។ ដោយត្រូវបានចាត់ទុកថាជាការជួបជុំ “អ្នកជំនាញបំផុតផ្នែកអចលនទ្រព្យក្នុងតំបន់” កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលរៀបចំនៅមជ្ឈមណ្ឌលតាំងពិព័រណ៌ និងសន្និបាត ស៊ែន (Sands) មានការចូលរួមពីអ្នកជំនាញក្នុងតំបន់ជាង ១០០ នាក់មកពីវិស័យអចលនទ្រព្យ រចនាប្លង់ ហិរញ្ញវត្ថុ និងវិស័យរដ្ឋាភិបាល ដោយចែករំលែកចំណេះដឹង និងដំបូន្មានលើវិស័យអចលនទ្រព្យ។
លោក ឡាវ អាឡិច គឺស្ថិតក្នុងចំណោមវាគ្មិនជំនាញចំនួន ២២ រូបក្នុងកិច្ចប្រជុំកំពូលនេះ ដែលមានការអញ្ជើញចូលរួមពីវារគ្មិនផ្នែកវិស័យនេះ មកពីប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសថៃ ដើម្បីពិភាក្សាអំពីការវិនិយោគ និងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសរបស់គេរៀងៗខ្លួន។លោក ឡាវ អាឡិច បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា៖ “សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាង ៧ភាគរយអស់រយៈពេលជាច្រើនឆ្នាំ ហើយកំណើននេះទំនងជាមិនប្រែប្រួលទេ។ ការអភិវឌ្ឍន៍ក្នុងទីក្រុងភ្នំពេញ និង ទូទាំងរាជាណាចក្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះពិតជាអស្ចារ្យ ហើយវាពិតជារំភើបដែលកម្ពុជាឆ្ពោះទៅរកទិសដៅនេះ”។
លោកបានបន្តទៀតថា៖ “សម្រាប់អ្នកវិនិយោគ នេះជារឿងសាមញ្ញ៖ ទីតាំងដ៏ល្អរបស់ PPCCនិងចក្ខុវិស័យរបស់យើងដែលចង់បានមជ្ឈដ្ឋានមានសុវត្ថិភាព និងមានពណ៌បៃតងសម្រាប់ការរស់នៅ និងធ្វើការ ដែលស្ថិតនៅក្នុងប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ និងរីកលូតលាស់យ៉ាងរហ័ស គឺធានាថា យើងស្ថិតក្នុងតំណែងមួយដែលសក្តិសមសម្រាប់ធ្វើឲ្យគម្រោងផ្នែកលំនៅដ្ឋាន គម្រោងអាហារនិងភេសជ្ជៈ និងទីតាំងធ្វើការផ្សេងៗ ដែលបានឈ្នះរង្វាន់ ក្លាយជាគម្រោងវិនិយោគដែលត្រឹមត្រូវ និងមិនមែនជារឿងលេងសើចនោះទេ។ ខណៈដែលប្រទេសកម្ពុជារីកចម្រើន ដូចច្នេះយើងក៏រីកចម្រើន ហើយការវិនិយោគជាមួយក្រុមហ៊ុន PPCC ក៏រីកចម្រើនតាមនោះដែរ”។
គម្រោង PPCC ដែលមានទំហំផ្ទៃដី ១១១ ហិកតា ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់ចំនួន ៣ កាលពីខែមីនា នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា រៀបចំដោយ PropertyGuru សម្រាប់គម្រោង Residence90, The Edge និង Vanguard ហើយទស្សនវិស័យ និងគុណភាពរបស់គម្រោង PPCC នេះ ក៏មានការទទួលស្គាល់បន្ថែមទៀតកាលពីខែឧសភា នៅពេលដែលលោក ឡាវ អាឡិច បាននាំយករង្វាន់ចំនួនពីរ ពីទីក្រុងបាងកក ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិច ២០១៧-២០១៨។
លោក ឡាវ អាឡិច បានមានប្រសាសន៍ថា ការទទួលស្គាល់ពីថ្នាក់តំបន់មកលើក្រុមហ៊ុន PPCCគឺដោយសារចក្ខុវិស័យនគរូបនីយកម្ម នៃគម្រោងអភិវឌ្ឍន៍មេ និងការជះឥទ្ធិពលជាវិជ្ជមាននេះដែលនឹងមានសម្រាប់ទីក្រុងភ្នំពេញ និងកម្ពុជាជារួម។លោក បានមានប្រសាសន៍ទៀតថា៖ “យើងយល់ពីសារៈសំខាន់នៃការបង្កើតគម្រោងទីក្រុង ទាំងគម្រោងសម្រាប់រស់នៅ និងធ្វើអាជីវកម្ម គឺមិនត្រឹមតែបំពេញតាមតម្រូវការរបស់អ្នករស់នៅ ប៉ុណ្ណោះទេ ប៉ុន្តែក៏បំពេញតាមតម្រូវការរបស់ទីក្រុងជារួមផងដែរ។ ចក្ខុវិស័យរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសិនធ័រ គឺក្លាយជាគំរូដែលបង្ហាញឲ្យឃើញថាតើ កម្ពុជាមានសមត្ថភាពបង្កើតអ្វីខ្លះ និងជាគំរូសម្រាប់គម្រោងអភិវឌ្ឍន៍នាថ្ងៃអនាគតទូទាំងប្រទេសកម្ពុជា”៕ វឌ្ឍនា