ភ្នំពេញ ៖ ប្រុសស្រី២នាក់ ដែលជាគូសង្សារនឹងគ្នា បានបើករថយន្តព្រូស ហើយបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់ តែមិនមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្បែរស្ទុបអូឡាំពិក តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងនារីម្នាក់ ដែលពួកគេជាគូសង្សារនឹងគ្នា បានបើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1Q.3614 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកវាស់វែងយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ស រស្មី