នេះជាលើកទី១ ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមក ដែលនាវាផ្ទុកយន្តហោះអាមេរិក រហូតដល់ទៅ៧គ្រឿង ក្នុងចំណោម១១ គ្រឿង បានចេញប្រតិបត្តិការនៅដែនសមុទ្រ ព្រមគ្នា។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា អាមេរិកបានបង្ហាញពីឥទ្ធិពលយោធានៅលើពិភពលោក។
តាមសារព័ត៌មាន Business Inside បានផ្សាយថា នាវាផ្ទុកយន្តហោះ USS Ronald Reagan , USS Nimitz និង USS Theodore Roosevelt ដែលបានផ្ទុកយន្ត ហោះគ្រប់ចំនួន និងនាវាការពារចូលរួម សកម្មភាពនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងពេលនេះនាវាផ្ទុកយន្តហោះ USS Carl Vinson, USS John C.Stennisក៏បានធ្វើដំណើរទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ ចំណែកនាវាផ្ទុកយន្តហោះ USS Gerald R Ford និងUSS Abraham Lincoln កំពុងធ្វើសកម្មភាពនៅមហាសមុទ្រអាត្លង់ទិក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនាវាផ្ទុកយន្តហោះដល់ទៅ៧គ្រឿងបានធ្វើ សកម្មភាពនៅដែនសមុទ្រ ក្នុងពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃ ទៅ កាន់៥ប្រទេសតំបន់អាស៊ី។ នាវាផ្ទុកយន្ត ហោះ USS Ronald Geagan ទើបតែបញ្ចប់ការធ្វើសមយុទ្ធរួមគ្នា រយៈពេល៣ថ្ងៃនៅ លើដែនសមុទ្រជប៉ុន ដែលមានការចូលរួមពីកម្លាំងទាហានជប៉ុន និងនាវាចម្បាំង របស់ឥណ្ឌាផងដែរ។ ជាមួយគ្នានេះ នាវា ផ្ទុកយន្តហោះអាមេរិក USS Nimitz បាន ចូលធ្វើទស្សនកិច្ចប្រទេសស្រីលង្កា កាល ពីខែតុលា ដែលជាលើកដំបូង ក្នុងរយៈ ពេល៣០ឆ្នាំ ដែលមាននាវាផ្ទុកយន្តហោះអាមេរិកចូលទៅកាន់កំពង់ផែកូឡុំបូ។
នៅក្នុងចំណោមនាវាផ្ទុកយន្តហោះ ទាំង៧គ្រឿង មាន៣គ្រឿងនឹងធ្វើសមយុទ្ធ រួមគ្នា ជាលើកដំបូងនៅទ្វីបអាស៊ីនាពេលដ៏ខ្លីខាងមុខ។ ការធ្វើសមយុទ្ធនោះ គឺដូចជាការគំរាមកំហែងដល់កូរ៉េខាងជើងយ៉ាង ដូច្នោះដែរ។
កន្លងមកមន្ត្រីយោធាអាមេរិកបាន បញ្ជាក់ថា ការធ្វើសមយុទ្ធបានឡើង គម្រោងជាយូរណាស់មកហើយ ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់។ ការធ្វើសមយុទ្ធនៅក្នុងពេលដ៏ខ្លីខាងមុខ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលដែលមិនប្រកាសឲ្យ ដឹងជាមុន។
ការចូលរួមនៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនោះ មាននាវាផ្ទុកយន្តហោះ ៣គ្រឿង ប្រភេទUSS Nimitz, Norald Reagan, Theodore Roosevelt និងនាវា ចម្បាំងការពារនាវាផ្ទុកយន្តហោះទាំង៣គ្រឿងនោះ ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះដែរ។
នាវាផ្ទុកយន្តហោះអាមេរិកតែងតែធ្វើ ដំណើរចុះឡើងនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែការដែលចូលរួមធ្វើសមយុទ្ធព្រមគ្នា នាវាផ្ទុកយន្តហោះ៣គ្រឿង គឺជារឿងមួយ ដ៏កម្រ។ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ ថានេះជាការប្តេជ្ញាការពារសម្ពន្ធមិត្តឲ្យ គេចផុតពីការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងតំបន់។
អគ្គមេបញ្ជាការកងទ័ពអាមេរិកលោក Kenneth McKenzie Jr បានឲ្យដឹងថា «សកម្មភាពខាងលើគឺជាការបង្ហាញពីឥទ្ធិពលយោធាដែលគ្មានប្រទេសណាមួយ អាចធ្វើបានក្រៅពីអាមេរិក»។ ការធ្វើសមយុទ្ធនៅតំបន់សមុទ្រអាស៊ីដែលមានការ ចូលរួមពីនាវាផ្ទុកយន្តហោះ៣គ្រឿងកើតឡើងចុងក្រោយបំផុត គឺនៅឆ្នាំ២០០៧។
ក្រៅពីនាវាផ្ទុកយន្តហោះនៅមាននាវាចម្បាំង១៥គ្រឿង យន្តហោះចម្បាំង១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់B-52 ផងដែរ។
សកម្មភាពធ្វើសមយុទ្ធរបស់អាមេរិក កើតឡើងក្នុងពេលដែល លោក ត្រាំ បាន ព្រមានកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ការអត់ ធ្មត់ទៅលើកូរ៉េខាងជើងបានបញ្ចប់ហើយ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាង ត្បូង ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិកក្នុងតំបន់។ លោក ត្រាំ ធ្លាប់បានប្តេជ្ញា ការពារកូរ៉េខាងត្បូងគេចផុតពីការគំរាម កំហែងរបស់កូរ៉េខាងជើង។ អាមេរិកនឹង កម្ទេចកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ វាយប្រហារកូរ៉េខាងត្បូងនោះ៕ ម៉ែវ សាធី