ព័ត៌មានទាន់ហេតុការណ៍៖

១២ពាន់លានដុល្លារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក វៀតណាម

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសរួម ក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា មេដឹកនាំទាំងពីរ បាន បញ្ជាក់ថានឹង បង្កើនកិច្ចសហប្រតិបត្តិការ ពង្រីកបន្ថែមទៀត លើគ្រប់វិស័យពិសេស គឺ បញ្ហាសន្តិសុខនិង ចារកិច្ច។

នៅក្នុងជំនួបពិភាក្សា ប្រធានាធិបតីវៀតណាម លោក Tran Dai Quang បញ្ជាក់ថា វៀតណាមបាន ប្តេជ្ញាអនុវត្តលើកិច្ចពិភាក្សាដោយឯករាជ្យ ម្ចាសការ ពហុភាគី និងសកលភាវូបនីយកម្ម ដោយផ្តោតសំខាន់លើទំនាក់ទំនងវៀតណាមអាមេរិក និងបន្តអភិវឌ្ឍន៍ស្ថេរភាព ពឹងផ្អែកទៅលើការគោរពអធិបតេយ្យភាព និងនយោបាយ ផ្ទៃក្នុងរបស់រៀងៗខ្លួន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំក៏បានបង្ហាញពីភាពសម្បាយរីករាយស្និទ្ធស្នាល ពេលទស្សនកិច្ចវៀតណាម នៅឆ្នាំដំបូង នៃការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក។ លោកត្រាំ ក៏បាន ចូលរួមរំលែកទុក្ខដល់ពលរដ្ឋវៀតណាម ដែលរងការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិត បង្កឡើងដោយ ព្យុះ Darmrey (ព្យុះលេខ១២)នៅវៀតណាម សម្លាប់មនុស្សជាង១០០នាក់ ។

លោកត្រាំ បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍន៍ រីកចំរើនរបស់វៀតណាម និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក ។ លោកត្រាំបន្តទៀត លោកបាន គោរពទៅនឹង កិច្ចសហប្រតិបត្តិការរវាងអាមេរិក នឹងវៀតណាម និងការអភិវឌ្ឍទំនាក់ទំនង គោរពគ្នាទៅវិញទៅមក។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានទទួលស្វាគមន៍ លោកត្រាំបំពេញទស្សនកិច្ចវៀតណាម ក្រោយកិច្ចប្រជុំកំពូល APECដែលរៀបចំឡើង នៅទីក្រុងដាណាំង ប្រទេសវៀតណាម។ ភាគីទាំងពីរ ក៏បានចូលរួមធ្វើសន្និសីទកាសែតរួម ដោយបានបង្ហាញពីការសន្យា បង្កើនទំនាក់ទំនងរវាង អាមេរិក វៀតណម។

នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រទេសទាំងពីរបាន ចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាង បណ្តាក្រុមហ៊ុន អាមេរិក និងវៀតណាម ក្រោមអធិបតេយ្យភាព របស់ប្រធានាធិបតីត្រាំ និង Tran Dai Quang។ នៅក្នុងកិច្ចព្រមព្រៀងនោះ មានតម្លៃរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក។

នៅក្នុងកិច្ចព្រមព្រៀងនោះ មានការ ធ្វើឲ្យទំនើបកម្មយន្តហោះ Pratt& Whitney មានតម្លៃដល់ទៅ១,៥ពាន់លានដុល្លារ ៕ ម៉ែវ សាធី


ចែករំលែក៖