ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១ ក្រុមការងារយុវជនគណបក្សស្រុកស្វាយអន្ទរនាំយកសម្ភារៈសិក្សានិងថវិកាចែកជូនដល់កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងកុមារទីទាល់ក្រចំនួន២២០នាក់

ចែករំលែក៖

ខេត្តព្រៃវែងៈ លោក ឈឿន ប៊ុនឆន អនុប្រធានទី១ ក្រុមការងារយុវជនគណបក្សស្រុកស្វាយអន្ទរ
តំណាងឯកឧត្ដម ឌី វិជ្ជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរនិងស្រុកកញ្ចៀច បានដឹកនាំសមាជិកយុវជនគណបក្សនាំយកសម្ភារៈសិក្សា និងថវិកាចែកជូនដល់កុមារមានផ្ទុកមេរោគអេដស៍ កុមារកំព្រា និងកុមារទីទាល់ក្រ សរុបចំនួន២២០នាក់ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក ឈឿន ប៊ុនឆន អនុប្រធានទី១ ក្រុមការងារយុវជនគណបក្សស្រុកស្វាយអន្ទរ បានឲ្យដឹងថា សមាសភាពគណៈអធិបតីអញ្ជើញចូលរួមចែកសម្ភារៈសិក្សានិងថវិកាជូនដល់កុមាររួមមាន៖ ម្តាយ និងសមាជិកក្រុមគ្រួសាររបស់លោក ឈឿន ប៊ុនឆន ,លោកប្រធានគណបក្សស្រុក ,លោកអភិបាលស្រុក ,លោកប្រធានយុវជនបក្សស្រុក និងសមាជិ-សមាជិកាយុវជនគណបក្សប្រជាជនស្រុកស្វាយអន្ទរ ។

អនុប្រធានទី១ ក្រុមការងារយុវជនគណបក្សស្រុកស្វាយអន្ទរបានឲ្យដឹងបន្តទៀតថា ថវិកាចំណាយលើកុមារទាំង២២០នាក់ សរុបអស់ចំនួន ២១,៥៦០,០០០រៀល (ម្ភៃមួយលានប្រាំសែនប្រាំមួយម៉ឺនរៀល) ចំណាយលើការដឹកជញ្ជូនកុមារ និងអាហារសម្រាប់សមាជិកយុវជនបក្ស កងកំលាំង លោកគ្រូអ្នកគ្រូ អាណាព្យាបាលកុមារដែលចូលរួម និងរៀបចំកម្មវិធីសរុបអស់ចំនួន៣,០២០,០០០រៀល (បីលានពីសែនរៀល) ។ សរុបទឹកប្រាក់ដែលចំណាយទាំងអស់មានចំនួន ២៤,៥៨០,០០០ រៀល (ម្ភៃបួនលានប្រាំសែនប្រាំបីម៉ឺនរៀល ដែលទឺកប្រាក់ទាំងអស់នេះបានមកពីការឧបត្ថម្ភផ្ទាល់ខ្លួនរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន២១,៨៧០,០០០រៀល (ម្ភៃមួយលានប្រាំបីសែនប្រាំពីរម៉ឺនរៀល) និងទឹកប្រាក់មួយចំនួនទៀតបានមកពីសមាជិកយុវជនបក្សប្រជាជននិងប្រជាពលរដ្ឋស្រុកស្វាយអន្ទរសរុបចំនួន២,៧១០,០០០រៀល (ពីរលានប្រាំពីរសែនមួយម៉ឺនរៀល) ។

លោក ឈឿន ប៊ុនឆន បានឲ្យដឹងទៀតថា កុមារដែលត្រូវបានទទួលអំណោយមានចំនួន២២០នាក់ ស្រីចំនួន១០២នាក់ ដោយក្នុងម្នាក់ៗទទួលបានកាបូបស្ពាយ ,សៀវភៅ២ក្បាល ,ប៊ិច២ដើម ,ខ្មៅដៃ២ដើម ,បន្ទាត់២ដើម ,សៀវភៅគំនូរ១ក្បាល ,ប៊ិចពណ៌សំរាប់គូសគំនូរ១ប្រអប់ ,ទឹកលុប១ដើម ,ជ័រលុប១ដុំ ,ប្រដាប់ខួងខ្មៅដៃ១ ,ដបដាក់ទឹក១ ,ក្តារខៀន១ឈុត ,ប្រអប់ដាក់ប៊ិចខ្មៅដៃ១ ,ទឹកសុទ្ធ១ដប ,នំបុ័ងសាច់ប៉ាត់តេ១ និងថវិកាចំនួន៣០,០០០រៀល (បីម៉ឺនរៀល)ផងដែរ ដែលកុមារទាំងអស់នេះគឺជាកុមារមានផ្ទុកមេរោគអេដស៍ កុមារកំព្រា និងកុមារទីទាល់ក្រ ៕ ស្អាងជ័យ


ចែករំលែក៖