ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខសាលាខណ្ឌសែនសុខម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ត៍ក្រុមហ៊ុនប្រ៊ីលលានរីចកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខសាលាខណ្ឌសែនសុខ ខណៈជិះម៉ូតូ ក៏ត្រូវរថយន្តក្រឡុកស៊ីម៉ត៍បុកកិនចំក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១៨និង០៥នាទី ព្រលប់ថ្ងៃទី ១២ វិច្ឆិកា ២០១៧ ចំណុចផ្លូវ ២០១១ កែងនិងផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តៃកុងរថយន្តបង្កឈ្មោះ ធឿន លីដា អាយុ២៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ មានឈ្មោះ នៅ សាវឿន អាយុជាង៣០ រស់នៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដារវ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP-3596 ធ្វើដំណើតាមបណ្តោយផ្លូវ សហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកើតទៅលិច បត់ស្តាំចូលផ្លូវ២០១១ ស្របគ្នានោះក៏មានរថយន្តបង្ករម៉ាកហ៊ីណូ ប្រភេទក្រឡុកស៊ីម៉ត៍របស់ក្រុមហ៊ុន ប្រ៊ីលលាងនរីច ពាក់ស្លាកលេខ ភ្នំពេញ 5-1583របើកមកពីត្បូងទៅជើងឆ្លងពីផ្លូវ២០០៤ មកផ្លូវ២០១១ តាមមកពីក្រោយ តែដោយសារបុរសរងគ្រោះជិះឡើងឃឿនមុខហាងវែនតា មួយដែលនៅកែងនោះវាខ្ពស់ជាងថ្នល់ ធ្វើឲ្យម៉ូតូដួលស្របនឹងកង់រថយន្តទើបកិនកន្ទុយម៉ូតូ និងកិនចំក្បាលបុរសរងគ្រោះធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័មតែម្តង។

ភ្លាមៗរថយន្តបង្កមិនបានឈប់នោះទេ បានព្យាយាមបើករត់បានជាង១០០ម៉ែត្រពីកន្លែងកើតហេតុ តែដោយសារផ្លូវស្ទះក៏ត្រូវប្រជាពលរដ្ធ និងសមត្ថកិច្ចតាមឃាត់បានទាំងរថយន្ត អ្នកអ្នកបើកបរ។

ក្រោយកើតហេតុ អ្នកបើកបររួមនឹងមធ្យោបាយទាំង២គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ខណ្ឌពោធិ៍ឃាត់ ប្រគល់ទៅឲ្យជំនាញចរាចរណ៍ក្រុង ដើម្បីយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ ។

ដោយឡែកសព សមត្ថកិច្ចបានរៀបចំឯកសារប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖