ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះជិត១០គីឡូម៉ែត្រនៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងខណ្ឌសែន សុខ ដែលពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ចូលរួមយ៉ាងច្រើន ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ រដ្ឋបាលរាជធានី ភ្នំពេញ កន្លងមកបានស្ថាបនាលូបានជាង៤២០គីឡូម៉ែត្រ និង បានពង្រីកផ្លូវបានជាច្រើនខ្សែផងដែរ ។ ជាក់ស្តែងសំរាប់ផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខវិញ ដោយផ្លូវមានលក្ខណៈតូចនិងមិនមានបណ្តាញលូ ទើបរដ្ឋបាលរាជធានីសម្រេចស្ថាបនាលូប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ គឺជាយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់ នៅតំបន់នេះ ស្របតាមអនុសាសន៍សម្តេច តេជោហ៊ុន សែន។
លោកបានបញ្ជាក់ថា៖ ការដ្ឋាននេះនឹង ប្រើរយះពេលចំនួន៨ខែក្នុងការស្ថាបនា ហើយក្រោយការស្ថាបនារួច វានឹងអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ដោយហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែក ទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនាឲ្យមានកម្លាំងបូមខ្លាំងជាងមុន ។
លោកសាំ ពិសិដ្ឋ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមជាមួយក្រុមការងារ ដើម្បីឲ្យការដ្ឋាននេះបានសម្រេចជោគជ័យ ។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីជំនាញរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋ និងអ្នកមានអំណាច មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុច មួយទៅចំណុចមួយ ផ្ញើទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញ ការងារនេះបានលឿន បំពេញទៅតាមសំណូមពរ ដែល ប្រជាពល រដ្ឋចង់បាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សព្វថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងជំរុញដល់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបន្តចូលរួមក្នុងសកម្មភាពការងារ សង្គមឲ្យបានច្រើនថែមទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាជន និងសង្គមជាតិទាំងមូល ពិសេសចូលរួម អនុវត្តតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិតដែលបំរើការងារក្នុងវិស័យការត់ដេរ និងវាយណភ័ណ្ឌ ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀតអំពីសុខទុក្ខនិងសេចក្តីត្រូវការរបស់ពួកគាត់ ពោលគឺធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងប្រជាជនមានជីវភាពធូរធាជាលំដាប់៕ សំរិត