ព័ត៌មានទាន់ហេតុការណ៍៖

កាមរីបាឡែនបើកបុកស្ពានក្រឡាប់ធ្លាក់ប្រឡាយស្លាប់ និងរបួស៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តបាឡែន រេចង្កូតបុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ៧២ និង ៧៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ជនរងគ្រោះ ១.ឈ្មោះ ផាន់ ពៅ ភេទស្រី អាយុ៥៣ឆ្នាំ ស្លាប់ ២.ឈ្មោះ គន់ បុប្ផា ភេទស្រី អាយុ៤៧ឆ្នាំ ស្លាប់ ៣.ឈ្មោះ ច័ន្ទ មុន្នី ភេទស្រី អាយុ៥៧ឆ្នាំ រងរបួសធ្ងន់ និង ៤.ឈ្មោះអ៊ុក សុថារី ភេទស្រី អាយុ៥៦ឆ្នាំ ជនរងគ្រោះទាំងអស់រស់នៅរាជធានីភ្នំពេញ ជាទាហានកងទ័ពជើងគោក ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីបាឡែន ពាក់ស្លាកលេខ២O-៩១៧២ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមលដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួតទៅបុកបង្កាន់ដៃស្ពាន ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យស្លាប់ពីភ្លាមនៅនឹងកន្លែងចំនួន២នាក់ និង រងរបួសធ្ងន់ស្រាលចំនួន២នាក់ផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ និងស្រាលដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ៕ ចន្ថា

 


ចែករំលែក៖