ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ

ចែករំលែក៖

ភ្នំពេញ​៖ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ​មួយ​រយ​ភាគ​រយ​ យោង​តាម​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ក្រសួង​មហាផ្ទៃ​ដាក់​ជូន​តុលាការ​កំពូល​ ។​ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាង​១០០រូប​ ក៏អាច​ត្រូវ​តុលាការ​កំពូល​ ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ផងដែរ​ ។

ការ​ថ្លែង​របស់​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​នេះ​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ខណៈក្រុម​មេធាវី​​ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល​ ដែល​នៅ​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ តុលាការ​នឹង​ជំនុំជម្រះ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

លោក​ គី​ តិច​ មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ “​ក្រុម​មេធាវី​ ដាក់​ភស្តុតាង​សំខាន់​ៗ​ចំនួន​បី​បន្ថែម​ទៀត​ជូន​តុលាការ​កំពូល​ ដែល​ក្នុង​នោះ​មាន​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​មេធាវី​ ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់​អំពី​អំពើ​បាន​និង​កំពុង​បន្ត​ធ្វើ​នៃ​ផែនការ​បដិវត្តន៍​ពណ៌​ និង​ ជា​ពិសេស​ គឺ​ បញ្ជី​ឈ្មោះ​ផ្លូវ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​សុំឱ្យ​តុលាការ​កំពូល​ហាមឃាត់​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ “។

ក្រុម​មេធាវី​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ​មួយ​រយ​ភាគ​រយ​ ដោយ​យោង​តាម​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​និង​រឹងមាំ​ដែល​ផ្តល់​ជូន​តុលាការ​កំពូល​ ។​

រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​បាន​ពឹងពាក់​មេធាវី​ឱ្យ​ការពារ​ក្ដី​នៅ​តុលាការ​កំពូល​ទេ​ ។​ បញ្ហា​នេះ​ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា​ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​បាន​ដាក់​មេធាវី​ ក៏​តុលាការ​កំពូល​អាច​បន្ត​នីតិវិធី​បាន​ដែរ​ ។

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស​សង្គ្រោះ​ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ចេស្តា


ចែករំលែក៖