ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយន្លែងយ៉ាងសន្ធោរសន្ធៅ

ចែករំលែក៖

 

ភ្នំពេញ: អគ្គីភ័យមួយបានឆាបឆេះ រោងចក្រកាត់ការសម្លៀកបំពាក់ដ៏ធំមួយកន្លែង យីហោ ” ម៉ាកាឡូត ហ្គាមិន ” ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង៥០នាទីទាបភ្លឺថ្ងៃទី១៤ ខែវិច្ឆិកា ២០១៧នេះ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា ដំបូងឡើយក្រុុមសន្តិសុខ នៃរោងចក្រខាងលើ បានឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីអគាររោងចក្រ ក៏នាំគ្នារត់ចូលទៅមើល លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្តង បង្កការភ្ញាក់ផ្អើលអ្នកកំពុងសម្រាកនៅរោងចក្រ និងក្រុមសន្តិសុខរត់ចេញពីរោងចក្រប្រសាច និងរាយការណ៍ជូននគរបាលមូលដ្ឋានចុះអន្តរាគមន៍ ។

ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹង នៃការឆាបឆេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន កម្លាំងអាវុធហត្ថ ក្រុមជំនាញអគ្គីភ័យ និងរថយន្តពន្លត់អគ្គីភ័យប្រមាណជាជាង៥០គ្រឿងបានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំឲ្យឆាបឆេះបន្ត ។

ទីតាំងរោងចក្រដែលត្រូវឆាបឆេះ ជាទីតាំងដែលសង់ឡើងពីថ្មហុំព័ទ្ធពីខាងក្រៅ ហើយខាងក្នុងផ្ទុកពេញទៅដោយក្រណាត់ជាច្រើន និងសម្ភារ ឧបករណ៍ផ្សេងៗ ដែលងាយនឹងចម្លងអណ្តាតភ្លើងបំផុត ។ ជាក់ស្តែងក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់ នគរបាលជំនាញ និងក្រុមរថយន្តពន្លត់អគ្គីភ័យមានការលំបាកខ្លាំងក្នុងការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ព្រោះទីតាំងរោងចក្រមានទំហំផ្ទៃក្រឡាធំ ធ្វើឲ្យសមត្ថកិច្ចអាចបាញ់ទឹកបានត្រឹមតែមាត់បង្អូចចូលទៅខាងក្នុងបានតែ១០ ទៅ២០ម៉ែត្រ ប៉ុណ្ណោះ ។

គិតមកត្រឹមវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃខែដដែល អណ្តាតភ្លើងត្រូវបានរលត់ទៅវិញ ប្រមាណ៧០ភាគរយ នៅសល់៣០ភាគរយទៀត សុទ្ធសឹងជាផ្សែងហុយខ្មួរខ្មាញ់ តែប៉ុណ្ណោះ ។ ដោយឡែក ចំពោះមូលហេតុ នៃការឆាបឆេះវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ រង់ចាំការអន្តរាគមន៍ពន្លត់អណ្តាតភ្លើង១០០ភាគរយ និងធ្វើកោសល្យវិច័យជាមុនសិន ៕សុខាសែនជ័យ


ចែករំលែក៖