សន្តិភាពនៅក្នុងប្រទេសស៊ីរីមានសង្ឃឹមក្រោយពេលកម្លាំងទាហានស៊ីរីនិងរុស្ស៊ី បានប្រកាស យកឈ្នះក្រុមភេរវកម្ម IS នៅលើសមរភូមិ ដោយដណ្តើមបានទីតាំងស្ទើតែទាំងស្រុង នៅសល់ប្រមាណតែ៥ភាគរយប៉ុណ្ណោះដែលក្រុម IS គ្រប់គ្រង ។
ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយ ក្រោយ ពេលក្រុមភេរវកម្ម IS ស្រាប់តែវាយបក ដណ្តើមគ្រប់គ្រងទីក្រុង Al Bukamal ឡើងវិញ ក្រោយពីធ្លាក់ចូលក្នុងដៃទាហានស៊ីរីអស់ប៉ុន្មានថ្ងៃមកនោះ។ ក្រុមសកម្ម ជនគាំទ្ររដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃទី១២ខែវិច្ឆិកា ក្រុម IS បាន ដណ្តើមគ្រប់គ្រងទីក្រុងខាងលើ ដែលស្ថិត នៅជាប់ព្រំដែនសីុរីនិង អីុរ៉ាក់។ នៅពេលនេះបើទោះបីត្រូវឡោមព័ទ្ទដោយកម្លាំង ទាហានស៊ីរីនិងសម្ព័ន្ធ ប៉ុន្តែទីក្រុងទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IS។
កាលពីថ្ងៃទី១១ខែវិច្ឆិកា មានការប៉ះ ទង្គិចគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានស៊ីរី នឹងក្រុមភេរវកម្ម IS នៅកណ្តាលក្រុង ។ ក្រុមភេរវកម្ម IS បានប្រើប្រាស់គ្រាប់បែកអត្តឃាតនិងរ៉ុក្កែតប្រឆាំងរថកក្រោះវាយប្រហារទៅលើទាហានស៊ីរីធ្វើឲ្យខាតបង់យ៉ាងដំណំ។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ស៊ីរី បានចោទប្រកាន់អាមេរិក ថាបានរារាំង ប្រតិបត្តិការ នៃកងកម្លាំងស៊ីរី វាយប្រហារ ទៅលើក្រុម IS ធ្វើឲ្យក្រុមនេះមានឱកាសក្នុងការរៀបចំខ្លួនវាយបកទៅលើ ទាហាន ស៊ីរីវិញ។
ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់ អាមេរិកថា ក្រុមចម្រុះប្រឆាំង ភេរវកម្ម ដែលដឹកនាំដោយអាមេរិក បានរារាំង ប្រតិបត្តិការ របស់កងទ័ពស៊ីរី ប្រឆាំងនឹង រដ្ឋអ៊ិស្លាម (IS) នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួង ការបរទេសស៊ីរី បានឲ្យដឹងថា ក្រុមចម្រុះ ដែលដឹកនាំ ដោយអាមេរិក កំពុងព្យាយាមដើម្បីរារាំងជ័យជម្នះ របស់កងទ័ពស៊ីរី លើពួក IS ដោយនិយាយថា ការប៉ុនប៉ង បែបនេះ បង្កឲ្យមានហានិភ័យលើ «កិច្ច ប្រឹងប្រែងពិតប្រាកដ» ដើម្បីប្រយុទ្ធ ប្រឆាំងក្រុមដែលបានកំណត់ថាជាភេរវកម្មនេះ។
ក្រសួងនេះបានបញ្ជាក់ថា “ការតស៊ូ របស់ក្រុមចម្រុះ ក្នុងការរារាំងជ័យជម្នះ របស់ កងទ័ពស៊ីរី និងសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS បានបង្ហាញពីតួនាទីគួរឲ្យសង្ស័យនៃសម្ពន្ធភាព និងគ្រោះថ្នាក់របស់ខ្លួន ចំពោះកិច្ច ប្រឹងប្រែងពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម” ៕ ម៉ែវ សាធី