ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំបន្តកក្រើកឡើងជាហូរហែ ក្រោមក្រសែភ្នែកសមត្ថកិច្ច ជំនាញមានជំនាញផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ អ្វីដែលគេកត់សម្គាល់នោះគឺពួកមន្ត្រីបរិស្ថានដើរលុកលុយក្នុងព្រៃជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលបង្ក្រាបបានបទល្មើសនោះឡើយ។ អាជ្ញាធរមានសមត្ថកិច្ចស្រុកសណ្តាន់និយាយថា ក្រុមមន្ត្រីបរិស្ថាន ក្រោមឱវាទលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើរយកតែលុយពីបទល្មើសប៉ុណ្ណោះ។
លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមិនលើកទូរស័ព្ទអ្នកកាសែតទាល់តែសោះរយៈពេល១សប្តាហ៍កន្លងមកនេះ បន្ទាប់ពីលេចរឿងអាស្រូវច្បាស់ក្រឡែតមួយករណីចាប់រថយន្តដឹកឈើ ហើយដោះលែងទៅវិញជាថ្នូរនឹងប្រាក់២ពាន់ដុល្លារ។
ប្រភពព័ត៌មានពីមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំអះអាងថា ការចាប់រថយន្តដឹកឈើយកប្រាក់រាប់ពាន់ដុល្លារ ដោយក្រុមមន្ត្រីបរិស្ថាន ក្រោមបង្គាប់បញ្ជាលោកតុប កក្កដា មិនមែនកើតឡើងជាលើកទីមួយនោះទេ។ ជួនកាលគេចាប់នៅក្នុងព្រៃបង្គាប់ទារលុយហើយដោះលែងភ្លាមៗក៏មានដែរ។ ករណីខ្លះ គឺជាការចាប់គំរាមដើម្បីឲ្យថ្ងៃក្រោយស្គាល់គ្នា ប្រយោជន៍រាប់ចំនួនរថយន្តដឹកឈើចេញ ដើម្បីបានប្រាក់។
មួយរយៈកន្លងមក គេអះអាងថា សកម្មភាពនៃការប្រមូលប្រាក់របស់ក្រុមលោកតុប កក្កដា កើតឡើងយ៉ាងស្ងៀមស្ងាត់ ពោលគឺពួកឈ្មួញដែលដឹកចេញពីស្រុកសណ្តាន់ទាំងឡាយត្រូវតែទាក់ទងបង់ប្រាក់ជាមុនជូនលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។ ប៉ុន្តែមួយរយៈចុងក្រោយនេះសកម្មភាពនៃការដឹកឈើកើនឡើង ហើយពួកឈ្មួញខ្លះឆ្លៀតកេងចំណេញ ឬបន្លំដឹកចេញដោយមិនជូនដំណឹងដល់ក្រុមបរិស្ថានរបស់លោកតុប កក្កដា ។ ប្រការនេះធ្វើឲ្យលោកតុប កក្កដា ក្តៅក្រហាយក៏ចាត់វិធានការដើម្បីជាការព្រមានខ្លះ។
គេមិនដែលឃើញក្រុមមន្ត្រីបរិស្ថានចាប់ឈើនោះឡើយ លើកលែងតែពួកឈ្មួញមិនបង់ប្រាក់។ ថ្មីៗនេះ កម្លាំងជំនាញផ្នែកនគរបាលបានចាប់រថយន្តដឹកឈើដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅចំណុចភូមិរ៉ងខ្នាយ ឃុំមានឫទ្ធិ ស្រុកសណ្តាន់ ដកហូតឈើប្រមាណជិត១០ម៉ែត្រគូប។ ប្រតិបត្តិការនេះត្រូវគេរាយការណ៍ថា នៅជិតស្នាក់ការអង្គការការពារបរិស្ថាននោះទៀតផង។ ក្រុមមន្ត្រីបរិស្ថានខេត្តកំពង់ធំយល់ឃើញថា ប្រតិបត្តិការរបស់សមត្ថកិច្ចនគរបាលគឺជាការវាយបំបែកឆ្នាំងបាយរបស់ខ្លួន។
ករណីក្រុមមន្ត្រីបរិស្ថានខេត្តកំពង់ធំនេះ គួរតែលោករដ្ឋមន្ត្រីក្រសួងបរិស្ថានសាយ សំអាល់ ចាត់កម្លាំងចុះទៅត្រួតពិនិត្យមើលផង ពីព្រោះថាបទល្មើសកាន់តែច្រើនឡើង រីឯមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំមិនដែលមានចំណាត់ការបង្ក្រាបទាល់តែសោះ ផ្ទុយទៅវិញ គិតតែពីដើរយកលុយពីរថយន្តដឹកឈើ ៕ ហេង សូរិយា