ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ កីឡាការិនី ការ៉ាតេវ័យក្មេង១៩ នាក់ ចេញទៅធ្វើការហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស នៅជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ កីឡាការិនី ការ៉ាតេវ័យក្មេង១៩ នាក់ និងប្រតិភូដឹកនាំម្នាក់បាន ចេញទៅធ្វើការហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស ជាមួយកីឡាករការ៉ាតេ ជាពិសេសដើម្បីស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុន រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសំណាក់ លោក ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូ ។

លោក ឡាច ច័ន្ទដារា អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា សង្ឃឹមថា ការចេញទៅហ្វឹកហាត់របស់កីឡាករ កីឡាការិនី ការ៉ាតេវ័យក្មេង នឹងទទួលបានបទពិសោធន៍ ល្អៗយកមកអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យមានការរីកចម្រើន ដើម្បីត្រៀមដណ្តើមមេដាយមាស ក្នុងព្រឹត្តការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក អគ្គលេខាធិការ បន្តថា ក្រៅហ្វឹកហាត់ផ្លាស់ប្តូរបច្ចេកទេស អត្តពលិកវ័យក្មេងកម្ពុជា ក៏តម្រូវអោយសិក្សាស្វែងយល់ពីវប្បធម៌ និងការរស់នៅជាគ្រួសារជាមួយជនជាតិជប៉ុន ។

លោកបានបញ្ជាក់បន្ថែមថា តាមអនុសាសន៍របស់លោក អ៊ូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ យើងត្រៀមយកគ្រូអន្តរជាតិដែលមានកម្រិតខ្ពស់មកជួយបង្វឹកហាត់ មិនមែនផ្តោតតែលើការប្រកួតថ្នាក់ជាតិនោះទេ តែលោកប្រធានសហព័ន្ធបានលើកឡើង ជាទស្សនទានក្នុងសូចនាករ ចំនួន៣គឺ ទី១-ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់ដឹកនាំសហព័ន្ធកីឡាការ៉ាតេដូ បែបបទរដ្ឋបាលនិងបច្ចេកទេស, ទី២-ជំរុញឲ្យកម្រិតបច្ចេកទេស របស់កីឡាករកីឡាការិនីជម្រើសជាតិ ធ្វើយ៉ាងឲ្យមានកម្រិតសមស្រប អាចចូលរួមប្រកួតកីឡាអូឡាំពិក ២០២០នៅទីក្រុងតូត្យូ នេះជាមូលហេតុដែលថ្នាក់ដឹកនាំខិតខំបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់បង្កើនកម្រិ តបច្ចេកទេសតាមរយៈម្ចាស់ផ្ទះជប៉ុននិងទី៣-នៅពេលណាកម្ពុជាធ្វើម្ចាស់ផ្ទះគឺធ្វើយ៉ាងណាឲ្យកីឡាករកីឡាការិនីការ៉ាតេដូកម្ពុជា មានសក្តានុពល អាចមានលទ្ធភាព ដណ្តើមយកមេដាយបានច្រើន ។

សូមបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសជប៉ុន អត្តពលិកការ៉ាតេវ័យក្មេងនឹងចូលរួម ប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ហើយ នឹងមានសាស្រ្តាចារ្យការ៉ាតេដូជាន់ខ្ពស់មកពីជប៉ុន ដើម្បីផ្តល់ការហ្វឹកហាត់ ពិសេសជូនកីឡាករ កីឡាការិនីយើង ជាពិសេសទៀតសហព័ន្ធក៏បានស្នើឲ្យមាន គ្រូកម្រិតខ្ពស់មកជួយបង្វឹកហាត់ និងបណ្តុះបណ្តាលកីឡាករថ្នាលរបស់យើងផងដែរ ៕ សារីម


ចែករំលែក៖