ព័ត៌មានទាន់ហេតុការណ៍៖

វីរកីឡាការិនី កែ ឡេង និងប្រតិភូកីឡាប៉េតង់បានមកដល់មាតុប្រទេសដោយសុវត្ថិភាព ក្រោយការពារមេដាយមាស៣លើកនៃព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង រួមទាំងប្រតិភូដឹកនាំ បានធ្វើដំណើរវិលត្រឡប់ពីសាធារណរដ្ឋប្រមានិតចិន មកដល់ប្រទេសកម្ពុជាវិញហើយ សម្រាប់បេសកកម្ម ការពារតំណែងជើងឯកពិភពលោក មេដាយមាស៣លើកលើវិញ្ញាសាវាយយកពិន្ទុ ប្រភេទកីឡាប៉េតង់ខណៈដែលវិញ្ញាសាជាក្រុមទទួលបានមេដាយសំរឹទ្ធិ ។ ក្នុងនោះក៏មានវីរកីឡាការិនី កែ ឡេង វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសនៅប្រទេសបែលហ្សិក កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនីម្ចាស់មេដាយប្រាក់ ស្រ៊ាង សុរ៉ាឃីម កាលពីយប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់កីឡា របស់ក្រសួងអប់រំយុវជននិងកីឡា រួមជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកីឡាករកីឡាការិនី អមដោយក្បួនម៉ូតូសអមរថយន្តចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ទីស្នាក់ការNOCC ផងដែរ។

ដើម្បីអបអរសាទរចំពោះម្ចាស់មេដាយមាស និងមេដាយសំរឹទ្ធិ ជើងឯកពិភពលោកលើក១៦ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំកីឡារៀបចំក្បួនដង្ហែអត្តពលិកជម្រើសជាតិរូបណាដែលនាំយកកិត្តិយសមកជូនជាតិពីលើឆាកអន្តរជាតិដោយក្បួនម៉ូតូស ចំនួន ១២គ្រឿង ហែអមរថយន្តរបស់កីឡាករកីឡាការិនី តាមមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត ដល់អត្តពលិកកម្ពុជា ។

យ៉ាងណាមិញ វីរកីឡាការិនីកែ ឡេង និងប្រតិភូកីឡាប៉េតង់ ត្រូវបានរៀបចំក្បូនដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ទីស្នាក់ការ NOCC ដោយថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាំនិងថ្នាក់ដឹកនាំNOCC ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

សូមរំលឹកថា កីឡាប៊ូល និងប៉េតង់គឺជាប្រភេទកីឡាដែលមានសក្តានុពលរបស់កម្ពុជា ដោយគិតតែក្នុងឆ្នាំ២០១៧នេះ ឈ្នះមេដាយមាស ៥គ្រឿង មេដាយប្រាក់១និងមេដាយសំរឹទ្ធិពិភពលោក ក្នុងនោះវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស៣លើកជាប់ៗគ្នា ក្នុងឆ្នាំ២០១៣ នៅបារាំង ២០១៥ នៅប្រទេសថៃ និង២០១៧ នៅប្រទេសចិន រីឯវីរកីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាសពិភពលោក១គ្រឿងក្នុងឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្កា ។

ចំណែកឯវីរកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកខណៈដែលមេដាយ ប្រាក់រកបានដោយកីឡាការិនី ស្រ៊ាង សុរ៉ាឃីម នៅប្រទេសបែលហ្សុិក ក្នុងឆ្នាំ២០១៧ និងមេដាយសំរឹទ្ធិ ឈ្នះនៅប្រទេសចិន លើវិញ្ញាសាជាក្រុមជើងឯកពិភពលោកលើកទី១៦នេះ។ សូមជម្រាបថា តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា មេដាយមាសកម្រិតពិភពលោក ទទួលបានប្រាក់រង្វាន់ ១២០លានរៀល មេដាយប្រាក់ ៨០លានរៀល និងមេដាយសំរឹទ្ធិ ៦០លានរៀល ៕ សារីម


ចែករំលែក៖