តំបន់មជ្ឈិមបូព៌ា ប៉ុន្មានថ្ងៃចុងក្រោយនេះបានបន្តភាពតានតឹង នៅក្នុងទំនាក់ ទំនងរវាង ប្រទេសសាវឌីអារ៉ាប៊ីនឹង អីុរ៉ង់ ក្រោយពេលរដ្ឋាភិបាលទីក្រុង រ៉ាយ៉ាដ ចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាមានសកម្មភាពបង្កជម្លោះដោយយោធាផ្ទាល់ ។ភាពតាន តឹង ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ពីសង្គ្រាមឈូង សមុទ្រ កើតឡើង ។ ភាពតានតឹងកន្លងមក បានធ្វើឲ្យទីផ្សារភាគហ៊ុននៅក្នុងតំបន់ ធ្លាក់ចុះខ្លាំង និង តម្លៃប្រេងឡើងថ្លៃខ្ពស់។
រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានច្រានចោលការចោទប្រកាន់របស់ព្រះរជ្ជទាយាទសាវឌី អារ៉ាប៊ី Mohammed Bin Salman ថា អីុរ៉ង់មានសកម្មភាពបង្កសង្គ្រាមដោយផ្ទាល់ ។ ការចោទប្រកាន់បែបនេះជារឿងមិនត្រឹមត្រូវ នឹងបង្ករឲ្យមានគ្រោះថ្នាក់។ លោក Zarif បានប្រកាសថា ការចោទប្រកាន់ របស់រាជ្ជទាយាទ ខុសទៅនឹងច្បាប់អន្តរ ជាតិ និងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
កន្លងមក ព្រះរាជ្ជទាយាទ Salmanបាន ចោទប្រកាន់អីុរ៉ង់ ថាមានសកម្មភាព យោធាផ្ទាល់ជាមួយ សាវឌីអារ៉ាប៊ី តាម រយៈផ្តល់កាំជ្រួចមីស៊ីលទៅឲ្យក្រុម ឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន វាយប្រហារទៅលើ ប្រទេសអារ៉ាប់។ ភាពតានតឹងកាន់តែខ្លាំងឡើងក្រោយ ពេលដែលសាវឌីអារ៉ាប៊ី បានវាយស្ទាក់កាំជ្រួចមីស៊ីលសំដៅទៅកាន់ទីក្រុងរ៉ាយ៉ាដ កាលពីថ្ងៃទី៤ខែវិច្ឆិកា ប៉ុន្តែត្រូវកម្លាំងការពារដែនអាកាសវាយកម្ទេចចោលទាន់ ពេលវេលា។
ក្រោយមកកម្លំាងទាហានអីុរ៉ង់បានច្រានចោលការចោទប្រកាន់ខាងលើ ថាអីុរ៉ង់នៅពីក្រោយការវាយប្រហារដោយមីស៊ីល នោះ ។អ្នកនាំពាក្យក្រសួងការបរទេសអីុរ៉ង់បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺមានមូលដ្ឋានជាការឌឺដង។ ក្នុងពេល ជាមួយគ្នានេះ អាមេរិកបានបង្ហាញការ គាំទ្រ ដល់ការចោទប្រកាន់របស់ សាវឌី អារ៉ាប៊ីទៅលើប្រទេសអីុរ៉ង់ ដោយចាត់ទុក អីុរ៉ង់ ជាប្រទេសដែលគាំទ្រ ក្រុមភេរវកម្ម ក្នុងការវាយប្រហារទៅលើទីតាំងនានារបស់សាវឌីអារ៉ាប៊ី។
ចំពោះភាពតានតឹងកាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលអីុរ៉ង់បានអំពាវនាវដល់ សាវឌីអារ៉ាប៊ីឲ្យបញ្ឈប់សកម្មភាពចងគំនុំជាមួយទីក្រុងតេអេរ៉ង់ ។ជាមួយគ្នានេះអីុរ៉ង់ បានព្រមានពីលទ្ធផលអាក្រក់ ប៉ះពាល់ ដល់សន្តិសុខស្ថិរភាពនៅក្នុងតំបន់។ ប្រធានាធិបតីអីុរ៉ង់លោក ហាស្សាន់ រ៉ូហានី បានបញ្ជាក់ថា អីុរ៉ង់តែងតែគាំទ្រ ដល់ការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់ក្នុងនោះមានទាំងសាវឌីអារ៉ាប៊ីផងដែរ ដោយ លោកបញ្ជាក់ថា ជាប្រទេសបងប្អូន មិត្ត ភក្តិ និងជួយគ្នាទៅវិញទៅមក មិនអាច បង្កសង្គ្រាមនឹងគ្នាឡើយ។ រដ្ឋាភិបាលសាវ ឌីអារ៉ាប៊ី នឹងខុសឆ្គង ប្រសិនបើគិតថា ទីក្រុងតេអេរ៉ង់មិនមែនជាមិត្តនោះ ហើយ ចាត់ទុកអាមេរិក អីុស្រាអែលជាមិត្ត។
ការប្រឈមមុខដាក់គ្នារវាងអីុរ៉ង់និងសាវឌីអារ៉ាប៊ី បង្កឲ្យសហគមន៍អន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេសជាច្រើន បានប្រកាស ប្តេជ្ញាការពារផលប្រយោជន៍ របស់ខ្លួន។ ប្រធានាធិបតីស៊ីរីលោក បាសា អាល់ អាសាដ បានប្រកាសថា នឹងការពារ ផលប្រយោជន៍ជាតិ ក្នុងពេលភាពតានតឹងកាន់តែខ្លាំងឡើង ។ ចំណែកប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah Al Sisi បានប្រកាសថា អេហ្ស៊ីបបានប្រឆាំងនឹង សង្គ្រាមប្រដាប់អាវុធរវាង អីុរ៉ង់នឹងសាវឌី អារ៉ាប៊ី។ ក្នុងពេលជាមួយគ្នានេះ លោកស្រី Federica Mogherini ទទួលបន្ទុក សន្តិសុខនិងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថា ការប្រឈមមុខពិតជា គ្រោះថ្នាក់។អឺរ៉ុបសង្ឃឹមថាភាគីទាំងពីររក្សាការអត់ធ្មត់និងស្វែងរកដំណោះស្រាយដើម្បីសន្តិភាព។
ចំណែកប្រទេសបារាំងវិញ កាលពីថ្ងៃទី ១០ខែវិច្ឆិកា ប្រធានាធិបតី Emmanuel Macron បានទៅកាន់ទីក្រុងរីយ៉ាដ ជួប ពិភាក្សាជាមួយព្រះរាជ្ជទាយាទស្តីពីស្ថានភាពអីុរ៉ង់និង សាវឌីអារ៉ាប៊ី។ ក្រៅពីនេះលោកក៏បានទៅកាន់ប្រទេសអីុរ៉ង់ផងដែរ។
កន្លងមកថ្មីៗ ប្រធានាធិបតីអុីរ៉ង់ បាន និយាយគំរាមដោយចំៗ ទៅសាវឌីអារ៉ាប៊ី ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអុីរ៉ង់ កាលពី ថ្ងៃពុធទី៨ ខែវិច្ឆិកា ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ អុីរ៉ង់ផងនោះ លោក ហាស្សាន់ រូហានី ប្រធានាធិបតីអុីរ៉ង់ បាន និយាយថា៖ “អ្នកអាចដឹងថាអុីរ៉ង់មាន កម្លាំង និងមានឥទ្ធិពលកម្រិតណាទេនៅ ក្នុងតំបន់។ អុីរ៉ង់ខ្លាំង អាចវាយអ្នកឯង បាក់ធ្មេញ បានយ៉ាងងាយ។ អ្នកឯង គ្មានអ្វីមកចង់ប្រៀបស្មើនឹងយើងបានទេ!”
លោក ហាស្សាន់ រូហានី បន្តថា៖ “អាមេរិកនិងបក្សពួក បានប៉ុនប៉ងល្បង កម្លាំងជាមួយអុីរ៉ង់ ជាច្រើនលើកមកហើយ តួយ៉ាងដូចជាបានបញ្ជាឲ្យអុីរ៉ាក់ មកធ្វើ សង្រ្គាមនឹងយើងនៅឆ្នាំ៨០។ តែពួកនោះ នៅតែធ្វើអ្វីអុីរ៉ង់ មិនបាន”។ លោកប្រធា នាធិបតីអុីរ៉ង់ បន្ថែមថា៖ “អុីរ៉ង់ មានបំណង ចង់ឃើញការរីកចម្រើន របស់ប្រទេសជិតខាងជាបងប្អូនទាំងអស់ មិនថា អុីរ៉ាក់ ស៊ីរី ឬអារ៉ាប៊ីសាអ៊ូឌីតនោះទេ។ មានតែចំណង មិត្តភាព ចាប់ដៃគ្នា ជួយគ្នាទេទើបអាច ហុចផលល្អទាំងអស់គ្នាបាន។ បើសិនបើ អ្នកឯងគិតថា ទៅឱបជើងអាមេរិក និង អុីស្រាអែល ហើយបែរមកចងសត្រូវជា មួយអុីរ៉ង់ ថាជាការល្អនោះ នោះគឺជាការ យល់ច្រឡំធំហើយ” ។
សូមបញ្ជាក់ថា សម្តីរបស់លោក ហាស្សាន់ រូហានី គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់សាវឌីអារ៉ាប៊ី ។ កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់រជ្ជទាយាទសាវឌីអារ៉ាប៊ី Mohammed Ben Salman បានចោទអុីរ៉ង់ថា បានប្រកាសសង្រ្គាមជា មួយខ្លួន តាមរយៈការបញ្ជា ឲ្យក្រុមហ៊ូធីបាញ់មីស៊ីលបាលីស្ទីកចេញពីដីយេម៉ែន។ អុីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងបានចំអកទៅសាវឌីអារ៉ាប៊ី វិញថា បានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃទៅលើប្រជាជនយេម៉ែន តែដល់ពេល គេគ្រាន់ តែបាញ់មកវិញ មួយគ្រាប់សោះ បែរជា ដើរចោទគេចោទឯង។
ជាការពិត មីស៊ីល ដែលសាវឌីអារ៉ាប៊ី បានចាប់កម្ទេចបានទាន់ពេលនេះ គឺជា ប្រភពនៃកម្ដៅតានតឹង ដែលឆេះឡើង មួយរំពេច រវាងមហាអំណាចអ៊ិស្លាមទាំង ពីរ។ អុីរ៉ង់ និងសាវឌីអារ៉ាប៊ី បានផ្តាច់ចំណង ទូតនឹងគ្នា នៅខែមករា ឆ្នាំ២០១៦ បន្ទាប់កើតចលាចលហិង្សាកម្ទេចស្ថានទូតសាវឌីអារ៉ាប៊ី នៅក្រុងតេអេរ៉ង់។ ដើមចមនៃបញ្ហានេះ គឺបន្ទាប់ពីសាវឌីអារ៉ាប៊ី បានកាត់ ទោសប្រហារជីវិត បព្វជិតសាសនាអ៊ិស្លាមនិកាយសុីអ៊ីត ដ៏ល្បីឈ្មោះម្នាក់ ។ ការ ប្រជែង រវាងនិកាយអ៊ិស្លាម សុីអ៊ីត និង និកាយស៊ូនីត គឺជាស្នូលនៃជម្លោះរវាងអុីរ៉ង់ និងសាវឌីអារ៉ាប៊ី ។ សឹងគ្រប់ទីកន្លែងដែល មានជម្លោះ នៅមជ្ឈឹមបូពា៌ គឺប្រទេសទាំង ពីរនេះ គាំទ្រទំនុកបម្រុងក្រុមបក្សខុសៗគ្នា៕ ម៉ែវ សាធី