ខ្មាន់កាំភ្លើង ម្នាក់បានដកកាំភ្លើង បាញ់ទៅលើគោលដៅ អ្នកធ្វើដំណើរនៅតាមដងផ្លូវ ក្នុងតំបន់ជនបទ ស្ថិតនៅភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា សម្លាប់មនុស្ស៤នាក់ និងរងរបួសជាច្រើននាក់ទៀត។
ហេតុការណ៍បាញ់ប្រហារ កើតឡើង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា(ម៉ោងក្នុងតំបន់)ស្ថិតនៅតំបន់ប្រជុំជន Rancho Tehama Reserve ។ ភ្លាមៗនោះ ប៉ូលិសមិនបានលើកពីហេតុផលនៃការបាញ់ប្រហារខាងលើនោះឡើយ ។ ប៉ូលិសម្នាក់ទៀតបាននិយាយថា អ្នកជិតខាងរបស់ខ្មាន់កាំភ្លើងខាងលើបានរាយការណ៍ប្រាប់ប៉ូលិសពីអំពើហិង្សានៅក្នុងគ្រួសារ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី ស្នងការប៉ូលិសស្រុក Tehama លោក Phil Johnston បញ្ជាក់ថា«ច្បាស់ណាស់ ខ្មាន់កាំភ្លើងបាញ់ប្រហារដោយចៃដន្យទៅលើគោលដៅ មិនមានគម្រោងទុកមុនឡើយ»។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឮសូរស្នូរកាំភ្លើងជាច្រើនគ្រាប់ និងសម្លេងកុមារ ស្រែក នៅសាលាបឋមសិក្សាក្បែរនោះ។ លោក Salvador Telloសាក្សីនៅក្បែរកន្លែងកើតហេតុនិយាយថា ខ្មាន់កាំភ្លើងបានបាញ់ទៅលើរថយន្តដឹកទំនិញនៅមុខគាត់ពេលឈប់រថយន្តដាក់កូន៣នាក់ចូលរៀន។ ខ្មាន់កាំភ្លើង និងកូន៣នាក់នៅចម្ងាយពីសាលារៀនរំលង៣ផ្ទះប៉ុណ្ណោះ។ ខ្មាន់កាំភ្លើងឲ្យកូនក្រាប់ចុះក្នុងរថយន្ត រួចបើកទៅកាន់ផ្ទះជីដូនរបស់ពួកគេ។
ប៉ូលិសបានបិទផ្លូវចរាចរណ៍ចូលទៅកាន់តំបន់ប្រជុំជនខាងលើ ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅ ទីតាំងជាច្រើនតាមផ្លូវ។ ប៉ូលិសបានដកហូតកំាភ្លើងខ្លីស្វ័យប្រវត្តិ១ដើម និងកាំភ្លើងខ្លីពីរដើមផ្សេងទៀត។
តំបន់រងការបាញ់ប្រហារគឺជាសហគមន៍មួយរស់នៅយ៉ាងស្ងប់ស្ងាត់បំផុត ក្នុងទឹកដីអាមេរិក ដោយពលរដ្ឋនៅពីនោះ មានភាពជិតដិត ស្និទ្ធស្នាល រួសរាយរាក់ទាក់។ មន្ទីរពេទ្យនៅក្នុងតំបន់បានឲ្យដឹងថា មានអ្នករងរបួស ៧នាក់ ក្នុងនោះមានកុមារ៣នាក់កំពុងព្យាបាល។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា រដ្ឋតិចសាស ក៏មានការបាញ់ប្រហារកើតឡើង នៅព្រះវិហារ Baptist ក្នុងតំបន់ Sutherland Springs សម្លាប់មនុស្ស២៦នាក់ និងជាង២០នាក់រងរបួស មូលហេតុនៃការបាញ់ប្រហារ ត្រូវបានគេដឹងថា បណ្តាលមកពីទំនាស់គ្រួសារ រវាងខ្មាន់កាំភ្លើង នឹងម្តាយក្មេក។
កាលពីថ្ងៃទី១ ខែតុលា ខ្មាន់កាំភ្លើងបានបាញ់រះពីលើអគារកម្ពស់៣២ជាន់ ទៅលើ ហ្វូងមនុស្ស ចូលរួមនៅក្នុងការប្រគំតន្ត្រី កណ្តាលវាល នៅទីក្រុងឡាសវីហ្គាស សម្លាប់មនុស្ស៥៨នាក់ និងរាប់រយនាក់រងរបួស៕ ម៉ែវ សាធី