ក្រុមមន្ត្រីនៅខណ្ឌរដ្ឋបាលជលផលក្រចេះខ្សឹបខ្សៀវករណីលោកនាយខណ្ឌស៊ីដាច់លុយជាតិ៥លានរៀល ដោយបោកប្រាស់ថ្នាក់ដឹកនាំក្រសួងកសិកម្មថា លុយនោះត្រូវបានបែងចែកទៅឲ្យមន្ត្រីនៅក្នុងខណ្ឌរដ្ឋបាលជលផលក្រចេះអស់ហើយ។ រឿងរ៉ាវនេះត្រូវបានទម្លាយថា ថ្នាក់ជាតិបានទម្លាក់លុយប្រមាណ៥លានរៀលសម្រាប់ខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំពិធីមច្ឆជាតិ ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំអំឡុងថ្ងៃទី១ ខែកក្កដា ។ ឆ្នាំនេះ ថ្នាក់ជាតិបានផ្តល់លុយ៥លានរៀលសម្រាប់ខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំពិធី។ ប៉ុន្តែគេមិនឃើញមានរៀបចំពិធីអ្វីឡើយ។
នៅពេលដែលប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះសួរនាំអំពីបញ្ហានេះ លោកសៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឆ្លើយថា លុយ៥លានរៀលនោះបានបែងចែកឲ្យមន្ត្រីក្រោមឱវាទក្នុងខណ្ឌរដ្ឋបាលជលផលក្រចេះអស់ហើយ។ ប៉ុន្តែមន្ត្រីនៅក្នុងខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា មិនបានបញ្ជាក់ពីលោកសៀន គិននោះឡើយ។ ដូច្នេះមានន័យថា ប្រាក់៥លានរៀលនោះកំពុងនៅក្នុងហិបរបស់លោកសៀន គិន ។
នៅមានរឿងរ៉ាវជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងលោកនាយខណ្ឌនេះ ជាពិសេសករណីបទល្មើសនេសាទ។ ថ្មីៗនេះ គេរាយការណ៍ថាកូនចៅលោកសៀន គិនចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចកាំពីរ ហើយឃាត់បានជនសង្ស័យ ប៉ុន្តែមិនបញ្ជូនទៅចាត់ការតាមច្បាប់នោះឡើយ បែរជាជំរិតទារប្រាក់បាន២ពាន់ដុល្លារទៅវិញ។ ករណីនេះ ធ្វើឲ្យប្រជានេសាទនៅតាមដងទន្លេមេគង្គខេត្តក្រចេះមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង។ គេរំពឹងថា ករណីនេះគួរតែថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចាត់ការស៊ើបអង្កេតឲ្យដឹងរឿងច្បាស់លាស់៕