ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានធ្វើសកម្មភាពលួចយកសត្វគោ១ក្បាល បានសម្រេចពេលយប់ លុះព្រឹកឡើងសត្វគោនោះបានងាប់ ហើយជនសង្ស័យក៏ដើរកអ្នកទិញគោនោះ ស្រាប់តែហៅចំម្ចាស់គោដែលបាត់ហើយកំពុងតែដើររកនោះ មានអីចាប់ប្រគល់ឲ្យប៉ូលិសល្មម ។
ករណីនេះ បានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រោយមណ្ឌលសុខភាពសែនសុខ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប៉ូលិសប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឈួន រ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូអូរ ឃុំបឹងឈូក ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់គោមានឈ្មោះ ឈន សុខភី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះលេខ២០៦ ផ្លូវលេខ២០៤ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីម្ចាស់គោបានរៀបរាប់ប្រាបសមត្ថកិច្ចថា៖ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគាត់បានយកសត្វគោញី១ក្បាល ចងនៅក្នុងក្រោលដីឡូត៍មួយកន្លែង លុះនៅវេលាម៉ោង១និ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា រូបគាត់ក៏បាត់សត្វគោហើយបាននាំគ្នាដើររក ស្រាប់តែដល់វេលាម៉ោង៦ព្រឹក ក៏មានមនុស្សម្នាក់មករកអ្នកទិញគោ ស្រាប់តែហៅប៉ះចំគាត់ដែលជាម្ចាស់គោបានបាត់ពីយប់ ដែលកំពុងដើររកស្រាប់ផង ពេលនោះគាត់ក៏សង្ស័យបានឲ្យជននោះជួនទៅកន្លែងគោនោះហើយ ក៏ឃើញជនសង្ស័យបានលើកសត្វគោដាក់លើរទេះហើយយកតង់មកគ្របពីលើ ពេលនោះគាត់ក៏បើកតង់មើល ទើបដឹងថា ជាគោរបស់គាត់។ ភ្លាមនោះជនសង្ស័យដែលទៅហៅគាត់ទិញសត្វគោនោះ បានគេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ឈ្មោះ ឈួន រ៉េត ហើយគាត់ជា(ម្ចាស់គោ)បាននាំខ្លួនយកមកប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ឃ្មួញតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា