ភ្នំពេញ ៖ បន្ទាប់ពីបែកចេញដាច់ដោយឡែកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងឆ្នាំ២០១៦កន្លងទៅ សហព័ន្ធកីឡា ប្រដាល់សាកលកម្ពុជា បានពង្រឹងធនធានមនុស្ស កីឡាករ កីឡាការិនី របស់ខ្លួនដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានានា ក្នុងគោលបំណងឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំន់ដ៏ធំលើកដំបូងមួយនេះ ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ កាលព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថា សហព័ន្ធ របស់លោកនឹង រៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង នៅថ្ងៃទី ២៧ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីតាំងស្កាយឡេន ស្ថិត ក្នុងឃុំ វិហារសួរ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការប្រកួតនេះមានអ្នកប្រដាល់សាកល យ៉ាងហោចណាស់ចន្លោះពី៨០ទៅ៩០នាក់ មកពី១០ទៅ១៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។
លោក អគ្គលេខាធិការ បានបញ្ជាក់ថា ការប្រកួតជ្រើសជើងឯកខាងលើសហព័ន្ធ រៀបចំឡើងក្នុងគោលបំណងចំរាញ់ជ្រើសរើសកីឡាករឆ្នើម ដែលមានទេព្យកោសល្យមកបណ្តុះបណ្តាលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតឆ្នាំ២០១៨ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ។ ពិសេសយុវជនថ្នាល់ដែលបាននិងកំពុងហ្វឹកហាត់ នៅមជ្ឈមណ្ឌលក្នុងអង្គការពន្លឺថ្មីស្ថិតនៅខេត្តកណ្តាល ។
លោកបានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិខាងលើនេះ សហព័ន្ធ បានរៀបចំដាក់ឲ្យកីឡាករកីឡាការិនី ប្រកួតលើ៨ប្រភេទទម្ងន់ ចាប់ពីទម្ងន់៤៩គីឡូក្រាម ដល់ទម្ងន់៨១គីឡូក្រាម មានយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃ ទី៣០ ខែ វិច្ឆកា ទើបបញ្ចប់៕ សារីម