ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ចុះឆែកឆេរសិប្បកម្មវិចខ្ចប់ សាច់គោងៀតពិសេស សញ្ញាគោញញឹម ការពិតធ្វើពីសាច់ជ្រូកសោះ

ចែករំលែក៖

ភ្នំពេញ៖ សិប្បកម្ម ១កន្លែង  ដែលបើកអាជីវកម្មកែច្នៃចំណីអាហារ ពីស្រស់ទៅក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ ការពិតគឺធ្វើនៅក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមតែប៉ុណ្ណោះសិប្បកម្មនេះ បានយកសាច់ជ្រូក ទៅធ្វើជាងៀតបន្លំ ដាក់ថាជាងៀតគោ ហើយច្រកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម តែការពិត ធ្វើពីសាច់ជ្រូកសោះ បញ្ហានេះបានប៉ះពាល់ដល់បងប្អូនខ្មែរ-ឥស្លាមមួយចំនួន  ដែលពួកគាត់ធ្លាប់បាន បរិភោគ ហើយខុសពីតំណំសាសនារបស់ពួកគាត់ ។

ក្នុងប្រតិបត្តិការ ចុះទៅត្រួតពិនិត្យសិប្បកម្មខាងលើ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ១៣X ផ្លូវ២៧១ស្តួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូក ដែល ទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិន បន្ថែម ហើយច្រកដាក់លក់តែម្ដង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានលើកឡើងថា សាច់ជ្រូកទាំងអស់នេះ អាចត្រូវម្ចាស់ សិប្បកម្មខាងលើ ទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅតាមផ្សារ ។

បើតាមប្រជាពលរដ្ឋរស់នៅជិតសិប្បកម្មនោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ តែងតែ ទទួលឥទ្ធិពលពីក្លិនស្អុយ ដែលជះចេញពីក្នុងសិប្បកម្មនេះ ដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម និងវា បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ ។

ម្ចាស់សិប្បកម្មខាងលើ ឈ្មោះ ហា ស៊ីម៉េង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បានឲ្យដឹងថា អាជីវកម្មនេះបានបើកអស់រយៈពេលជិត១០ឆ្នាំ មកហើយ ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៨ ហើយផ្នែកអនាម័យចេញដោយ សាលារាជធានីភ្នំពេញ និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ។ ស្ដ្រីដដែល បានបញ្ជាក់ថា គ្រឿងផ្សំធ្វើសាច់គោងៀតពិសេស សញ្ញាគោញញឹម នេះ ធ្វើពីសាច់គោ ស្ករ អំបិល និងគ្រឿងផ្សំផ្សេងៗ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក ហ៊ឹមង ប៊ុនថន ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំង ព្រមទាំងមន្ត្រីកាំកុង ចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃចំណី អាហារខាងលើ ដោយសង្ស័យថា គ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ និងលួចកម្មសិទ្ធិយីហោ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការជាក់ស្តែងនេះ កម្លាំងបាននាំយកនំមឹកកញ្ចប់ម៉ាក SENTO ៤.២គីឡូក្រាម, សំបកកញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម និងសាច់បន្ទះមឹកម៉ាក SENTO ២៤ គីឡូក្រាម យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីត្រួតពិនិត្យ បច្ចេកទេស ។ ដោយឡែកចំពោះសិប្បកម្មខាងលើវិញ ត្រូវបានបិតជាបណ្ដោះអាសន្ន រងចាំ តុលាការស៊ើបអង្កេតបន្ត ហើយបើរកឃើញថាខុសច្បាប់នោះ នឹងឈានដល់បិតតែម្ដង ៕ស តារា


ចែករំលែក៖