ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយការប្រឈមមុខរវាងសម្ពន្ធមិត្តអារ៉ាប ដឹកនាំដោយសាឌីអារ៉ាប៊ី នឹងប្រទេសអ៊ីរ៉ង់ នៅក្នុងជម្លោះនៅប្រទេសយេមែន ។ ភាគីអារ៉ាបបានគាំទ្ររដ្ឋាភិបាល ចំណែក អ៊ីរ៉ង់វិញ បានគាំទ្រ ក្រុមហូធី នៅក្នុងសង្គ្រាម។ ភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយពេល ក្រុមឧទ្ទាមបានវាយប្រហារដោយមីស៊ីលទៅលើប្រទេសសាឌីអារ៉ាប៊ីតែត្រូវបានរារាំង។
ហេតុការណ៍ទាំងនោះបានធ្វើឲ្យក្រុមអ្នកវិភាគលើកឡើងថា សង្គ្រាមថ្មីអាចកើតឡើងនៅតំបន់នេះ។ ទាំងនោះហើយធ្វើឲ្យប្រទេសអ្នកមាន នៅអារ៉ាបបង្កើនការចំណាយទិញអាវុធ ពីអាមេរិក។ នៅពេលនេះ អារ៉ាបរួម បានចុះកិច្ចព្រមព្រៀងទិញគ្រាប់ បែក ឡាស៊ែ នាំផ្លូវពីក្រុមហ៊ុនអាមេរិក ដែលមានតម្លៃរហូតដល់ទៅជិត៧០០លានដុល្លារអាមេរិក។
អារ៉ាប់រួម តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹងថា ខ្លួននឹងទិញយកគ្រាប់បែកឡាស៊ែ នាំផ្លូវ ពីក្រុមហ៊ុនការពារជាតិ ផលិតមីស៊ីល អាមេរិក Raytheon Co. ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៦៨៤,៤លានដុល្លារអាមេរិក ។
យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា សហភាពអារ៉ាប់រួម ក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញកាំភ្លើងពីក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ រួមជាមួយនឹងកិច្ចកុងត្រាដឹកជញ្ជូន ជាមួយក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ។
គួរបញ្ជាក់ផងដែរថា សហភាពអារ៉ាប់រួម គឺជាអតិថិជនដ៏ចម្បងមួយនៃសព្វាវុធ សហរដ្ឋអាមេរិក ហើយក៏បានចូលរួម ជាផ្នែកមួយនៃកងកម្លាំងចម្រុះ ដែលដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមនៅយេមែន អស់រយៈកាលជាង២ឆ្នាំ ។
ក្រៅពីការចុះកិច្ចព្រមព្រៀង ទិញយកអាវុធពីក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់នេះ យោធាសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ ក៏បានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការចុះកុងត្រាមួយ ជាមួយក្រុមហ៊ុន Dassault (AVMD.PA) និង ក្រុមហ៊ុន Thales (TCFP.PA) ដើម្បីធ្វើទំនើបកម្ម លើកងយន្តហោះ Mirage 2000-9 ចំនួន៧៥គ្រឿងរបស់ខ្លួនទៀតផង ៕ ម៉ែវ សាធី