ព័ត៌មានទាន់ហេតុការណ៍៖

ចូលតាមបង្អួច យកប្រាក់ និងច្របាច់កប៉ុនប៉ងរំលោភមិនបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បន្ទាប់ពី លបចូលតាមបង្អួចផ្ទះ ហើយបានធ្វើសកម្មភាពយកប្រាក់ និងច្របាច់ក ប៉ុនប៉ងរំលោភលើ ជនរងគ្រោះ តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យនគរវត្តដឹងថា ជនសង្ស័យមានឈ្មោះ ស្រី សាយ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(ជនអនាថា)។

ប្រភពបន្តថា ចំណែកជនរងគ្រោះអាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ត្រង់ចំណុចអគារបុគ្គលិកកាស៊ីណូឃីងក្រោន បន្ទប់លេខ 207 ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលនាងសម្រាកគឺមានជនសង្ស័យម្នាក់ (ជាជនអនាថា)បានលបចូលតាមបង្អួចហើយបាន ធ្វើសកម្មភាពយកប្រាក់ និងច្របាច់កនាងប៉ុនប៉ងរំលោភ ប៉ុន្តែខណៈនោះ នាងបានស្រែកឲ្យមិត្តភក្តិដែលដេកនៅក្បែរជួយ ភ្លាមនោះ ធ្វើឲ្យជនសង្ស័យភ័យបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចនគរបាលបានចាប់ខ្លួនបានតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន

 


ចែករំលែក៖