ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ បណ្តាញសង្គមជាកាំបិតមុខពីរអាចធ្វើឲ្យប្រទេសមួយរីកចម្រើន ឬហិនហោចបានអាស្រ័យលើអ្នកប្រើ

ចែករំលែក៖

បណ្តាញសង្គម ត្រូវបានមនុស្សរាប់រយលាននាក់នៅលើពិភពលោកប្រើប្រាស់ ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែទូលំ ទូលាយ និងបង្កើនចំណេះដឹង ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញសង្គមបានក្លាយជាឧបករណ៍នយោបាយដ៏មុតស្រួច សម្រាប់វាយប្រហារគ្នា ក៏ដូចជាទាក់ ទាញការគាំទ្រ ហើយបណ្តាញសង្គមបានធ្វើឲ្យប្រទេសជាច្រើនធ្លាក់ទៅក្នុងវិបត្តិបែកបាក់ផងដែរ។

កន្លងមករុស្ស៊ីរងការចោទប្រកាន់ថាបានប្រើប្រាស់បណ្តាញសង្គម របស់ខ្លួនក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង អេស្បា៉ញ ជំរុញឲ្យ មានការផ្តាច់ខ្លួនឯករាជ្យ។ ពាក់ព័ន្ធនិងករណីនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានប្រកាសច្រានចោលការចោទប្រកាន់ថា រុស្ស៊ីបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងតំបន់កាតាឡូនៀ ជំរុញឲ្យតំបន់នេះផ្តាច់ខ្លួនចេញពី អេស្បា៉ញ ។ ការចោទ ប្រកាន់ខាងលើ មិនមែនជាការពិតឡើយ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបញ្ជាក់ថាការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកនោះគឺជាចេតនាដើម្បីបង្វែងទស្សនៈ និងប្រព័ន្ធផ្សព្វផ្សាយចេញពីវិបត្តិផ្ទៃក្នុង អេស្បា៉ញ។

លោកឡាវរ៉ូវ បញ្ជាក់ថា« ប្រទេសមួយ ចំនួននៅអឺរ៉ុប និង នៅតំបន់ផ្សេងគ្មានការងារធ្វើក្រៅពីចោទប្រកាន់រុស្ស៊ីជាបានជ្រៀតជ្រែកចូលកិច្ចការនៅក្នុងតំបន់កាតាឡូនៀ។ ពួកគេចង់ប្រើប្រាស់ការចោទប្រកាន់ទាំងនោះដើម្បីបង្វែរ ការចាប់អារម្មណ៍ ពីសាធារណមតិ ប៉ុណ្ណោះ ដោយ ពួកគេ មិនមានលទ្ធភាពនៅក្នុងការដោះស្រាយ វិបត្តិផ្ទៃក្នុង។

ក្នុងថ្ងៃជាមួយគ្នានេះ អ្នកនាំពាក្យ ប្រធា នាធិបតីរុស្ស៊ីលោក Dmitry Peskov បានចាត់ទុកការចោទប្រកាន់ខាងលើគ្មានមូលដ្ឋាន ដោយសារតែរដ្ឋាភិបាលអេស្បា៉ញ និងអង្គការណាតូ និងសារព័ត៌មាននានា មិនបានបង្ហាញពីភស្តុតាង ច្បាស់លាស់ ណាមួយ បញ្ជាក់ពីការចោទប្រកាន់នោះ ឡើយ។

រយៈពេលកន្លងមកសារព័ត៌មាន របស់ អេស្បា៉ញ បានផ្សព្វផ្សាយដោយចោទ ប្រកាន់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក៏ដូចជាបណ្តាញសង្គម ក្នុងនោះមាន បណ្តាញទូរទស្សន៍ RT និង Sputnik បាន ផ្សាយព័ត៌មាន និងរូបភាពធ្វើឲ្យអេស្បា៉ញត្រូវបែកបាក់។

ស្ថានភាពនៅក្នុងប្រទេសអេស្បា៉ញនាពេលនេះ ដូចជាស្ងប់ស្ងាត់ជាងមុន ក្រោយ ពេលដែល រដ្ឋាភិបាលបានសម្រេចដំណើរការមាត្រាទី១៥៥នៃរដ្ឋធម្មនុញ្ញក្នុងការដកហូតសិទ្ធិគ្រប់គ្រងស្វ័យភាពនៅបន់កាតាឡូនៀមកវិញ ។ កិច្ចការរដ្ឋបាលនៅទីនោះ ស្ថិតនៅក្រោមបញ្ជារបស់រដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រីដ។

អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលសិទ្ធិសេរីភាព ទើបតែបានចេញរបាយការណ៍មួយស្តីពីសិទ្ធិសេរីភាពនៅលើប្រព័ន្ធអ៊ីនធើណេត។ យោងតាមរបាយ ការណ៍នេះ មានរដ្ឋាភិបាលនៃប្រទេស កាន់តែច្រើន ដែលបានប្រើប្រាស់បណ្តាញ សង្គម ដើម្បីបំពុលនិងបន្លំ មតិសាធារណៈ។ បញ្ហានេះ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិប តេយ្យ ព្រោះអាជ្ញាធរតាមប្រទេសទាំងនោះ បានជួលមនុស្សឲ្យបំប៉ោង ឲ្យប្រឌិត និង ចែកចាយព័ត៌មានមិនពិត ឬសារនយោបាយ បោកប្រាស់នានា ដែលអាចជះឥទ្ធិពល ដល់ការសម្រេចចិត្តរបស់ពួកគេ។

មិនមែនមានតែរុស្ស៊ី និងចិនទេ ដែល បានប្រើប្រាស់បណ្តាញសង្គម ដើម្បីបំពុល មតិសាធារណៈនោះ មានប្រទេសកាន់តែ ច្រើន ដែលបានប្រើប្រាស់វិធីទាំងនេះ ក្នុង គោលដៅចំណេញនយោបាយ បំភ័ន្តការ យល់ឃើញរបស់មនុស្សទូទៅ។ យោង តាមរបាយការណ៍របស់អង្គការ Freedom House ដែលបានស្រាវជ្រាវនៅតាមប្រទេសចំនួន ៦៥ គឺក្នុងនោះ មាន៣០ប្រទេស ដែលបានប្រើមធ្យោបាយផ្សេងៗ ដើម្បី បំពុលមតិមហាជន លើបណ្តាញសង្គម។ កាលពីឆ្នាំ២០១៦ គឺមានតែ២៣ប្រទេស ប៉ុណ្ណោះ។

វិធីដែលគេប្រើ ដើម្បីបំពុលមតិមហាជននៅតាមបណ្តាញសង្គម មានដូចជា ការ ជួលមនុស្សឲ្យចូលមកសរសេរបញ្ចេញយោបល់ រិះគន់ ឬគាំទ្រឲ្យបានច្រើន ការជួលមនុស្សឲ្យធ្វើជាសារព័ត៌មានត្រូល (Troll ) ដើម្បីផ្សព្វផ្សាយរឿងអាស្រូវ ឬពាក្យចចាមអារ៉ាមណាមួយ ឬការប្រើ ប្រាស់គណនីស្វ័យប្រវត្តិ (bots) ដើម្បីបំប៉ោង តួលេខអ្នកអាន អ្នកចូលចិត្ត ឬអ្នកចែក ចាយឲ្យបានច្រើន ហើយចុងក្រោយ គឺការ ប្រើប្រាស់ មនុស្សមួយក្រុម ឲ្យប្រឌិត ឬបំប៉ោងព័ត៌មាន ចុះផ្សាយនៅលើគេហ ទំព័រក្លែងក្លាយ (Fake News) មុននឹងបញ្ជូន ទៅចែកចាយ បំផុសបំផុល នៅតាម បណ្តាញ សង្គម ដូចជាFacebook Twitter Instagram ជាដើម។

៣ឆ្នាំជាប់គ្នាហើយ ដែលចិនជាប់ លំដាក់ថ្នាក់លើគេ។ ក្រៅពីការប្រើបណ្តាញ សង្គមដើម្បី បំពុល និងជះឥទ្ធិពលទៅលើការយល់ឃើញរបស់មហាជន រដ្ឋាភិបាល ចិន បានថែមទាំង ចាប់ឃាត់ខ្លួន និងផ្តន្ទាទោសទៅលើអ្នកដែលហ៊ានរិះគន់ខ្លួន នៅលើបណ្តាញសង្គម ទៀតផង។ ក្នុង ន័យដើម្បីគាបសង្កត់ការបញ្ចេញមតិនេះដែរ រុស្ស៊ី ទើបតែចេញច្បាប់ថ្មី តម្រូវឲ្យ ម្ចាស់ទំព័រប្លក់(Blog) ដែលមានអ្នកចូលទៅអានចាប់ពី៣០០០នាក់ ក្នុងមួយថ្ងៃទៅ គឺត្រូវតែចុះឈ្មោះនៅក្នុងបញ្ជីពិសេសមួយ។

ជាឧទាហរណ៍មួយទៀត ហ្វុីលីពីន បានជួលមនុស្ស ម្នាក់១០ដុល្លារមួយថ្ងៃ ឲ្យអង្គុយចែកចាយ ចូលចិត្ត ឬសរសេរ សារគាំទ្រ ដល់យុទ្ធនាការបោសសម្អាត បណ្តាញគ្រឿងញៀនរបស់រដ្ឋាភិបាល។ ធ្វើយ៉ាងនេះ ដើម្បីបំភ័ន្តមតិមហាជន ឲ្យ ជឿថាមានមនុស្សច្រើន ដែលគាំទ្រប្រតិបត្តិការដ៏ឃោរឃៅនេះ។ ដូចគ្នាដែរ ទួរគី បាន ប្រើមនុស្សប្រមាណ ៦.០០០នាក់ ឲ្យចាំ តវ៉ា រិះគន់ ឬជេរប្រមាថទៅលើអ្នកដែលរិះគន់រដ្ឋាភិបាលទួរគី នៅតាមបណ្តាញ សង្គម។

របាយការណ៍សន្និដ្ឋានថា បច្ចេកទេស បំភ័ន្ត និងបន្លំមតិមហាជនទាំងនេះ បាន ចូលរួមជះឥទ្ធិពលដោយផ្ទាល់ទៅលើការសម្រេចចិត្ត ក្នុងការបោះឆ្នោត នៅតាម ប្រទេសចំនួន១៨ ក្នុងឆ្នាំកន្លងទៅនេះ ដែលក្នុងនោះ ក៏មានសហរដ្ឋអាមេរិកផង ដែរ។ លោកស្រី Sanja Kelly នាយកដឹក នាំការស្រាវជ្រាវនេះ បានលើកឡើងថា ការទប់ស្កាត់សកម្មភាពបំពុលមតិមហាជន តាមប្រព័ន្ធអ៊ីនធើណេតនេះ គឺជារឿងដែល លំបាកធ្វើណាស់។ វាមិនមែនងាយស្រួល ដូចជាការគ្រាន់តែហាមឃាត់ ឬបិទចោលគេហទំព័រក្លែងក្លាយណាមួយនោះទេ។ បន្ថែមពីនេះ ការហាមឃាត់ នូវប្រព័ន្ធVPN ហាក់បានកើនឡើងកាន់តែខ្លាំង នៅតាម បណ្តាប្រទេសជាច្រើន ដែលមានការ រឹតត្បិត នូវការប្រើប្រាស់អុីនធើណេត៕ ម៉ែវ សាធី


ចែករំលែក៖