ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកព្រៃនប់នៅតែបន្តរងគ្រោះដោយសារក្រុមហ៊ុនចិនរំលោភយកដីស្រែចម្ការគ្មានដំណោះស្រាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារស្ថិតនៅចំណុចចំណោតរាម ក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុដែលមានដីប្រកបរបរកសិកម្ម និងលំនៅឋាននៅចំណុចខាងលើនាពេលកន្លងមកបន្ទាប់ពីក្រុមហ៊ុនចិនទទួលបានសិទ្ធិវិនិយោគក្រុមហ៊ុនបានធ្វើរបងព័ទ្ធជុំវិញនិងដឹកដីចាក់បំពេញរួចឈូសឆាយរំលោភយកដីរបស់ពួកគាត់អស់ជាច្រើនហិកតា ដែលពួកគាត់បានកាន់កាប់តកូនពូនជាចៅនិងប្រកបរបរកសិកម្មអាស្រ័យផលជារៀងរហូតមកតាំងតែពីមិនទាន់មានក្រុមហ៊ុនមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនាពេលបច្ចុប្បន្ននេះមកម្លេ៉ះ។

លោកស្រី លី សុខងីម ជាជនរងគ្រោះដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភបំពានយកដីពីសំណាក់ក្រុមហ៊ុនខាងលើបានខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នអនុវត្តច្បាប់ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ដោយសារកន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្ត សាលា ខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ និងខុទ្ទកាល័យ សម្តេចតេជោ ថែមទាំងមានដីកាបញ្ជូន លេខ៨៧៨ ខ.ន/០១៧ចុះថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងដីកាបញ្ជូនលេខ ៨៨១ ខ.ន/០១៧ នាយកខុទ្ទកាល័យ សម្តេចតេជោបញ្ជូនសំណើឲ្យអាជ្ញាធរ ខេត្តព្រះសីហនុជួយធ្វើអន្តរាគមន៍ក្នុងការពិនិត្យអង្កេតស្រាវជ្រាវករណីឈូសឆាយ ដី ចាក់បំពេញអាចម៍ដី និងសាងសង់ សំណង់ផ្សេងៗរបស់ក្រុមហ៊ុនបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចខាងលើ។ ប៉ុន្តែរហូត មកដល់ពេលនេះមានរយ:ពេលជិតមួយឆ្នាំទៅហើយប្រជាពលរដ្ឋមិនបានទទួល កិច្ចអន្តរាគមន៍ ឬដំណោះស្រាយណាមួយពីអាជ្ញាធរខេត្តឡើយ ។

ដោយឡែកស្ថាប័នសាលាដំបូងខេត្តព្រះសីហនុវិញកន្លងមកបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក៏បាន សម្រេចចេញដីកាសម្រេចរក្សាការពារលើទីតាំងដីទំនាស់ខាងលើ ប៉ុន្តែដីកាសម្រេចនោះមានប្រសិទ្ធភាពក្នុងរយ:ពេលខ្លីមួយ ដង្ហើមចង្រិតតែប៉ុណ្ណោះក្រុមហ៊ុនខាងលើបន្តធ្វើសកម្មភាពរហូតមកដល់សព្វថ្ងៃ។

មេធាវីការពារក្តីឲ្យអ្នកស្រី លី សុខងីម និងប្រជាពលរដ្ឋបានឲ្យដឹងថា ថ្មីៗនេះលោកបានមកដាក់ពាក្យបណ្តឹងជាច្រើនទៀតនៅសាលាខេត្តព្រះសីហនុនិងនៅសាលាដំបូងខេត្តដើម្បីបានពិនិត្យនិងអន្តរាគមន៍ក្នុងការពន្លឿនករណីវិវាទកូនក្តីរបស់លោកជាមួយក្រុមហ៊ុនវិនិយោគបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចខាងលើនេះ ។

ចៅក្រមសាលាដំបូងខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យ ដឹងថា ករណីពាក្យបណ្តឹងរបស់ប្រជាពល រដ្ឋមន្ត្រីទទួលបន្ទុកសំណុំរឿងនៅតែបន្តធ្វើតែការយឺតយ៉ាវកន្លងមកនេះដោយសារតែអាកាសធាតុមិនអំណោយផល ដែល ទាក់ទងទៅនឹងបច្ចេកទេសមន្ត្រីជំនាញ ម៉ាសុីន (G.P.S) វាស់វែងរកទីតាំងហើយនិងបន្តធ្វើនាពេលខ្លីខាងមុខនេះ ។

លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្ត ព្រះសីហនុទទួលបន្ទុកដោះស្រាយវិវាទដីធ្លីបានឲ្យដឹងថា ជុំវិញវិវាទដីធ្លីខាងលើដោយ ហេតុថា ទីតាំងដីស្ថិតក្នុងតំបន់អនុក្រឹត្យ មួយវិញទៀតក្រុមហ៊ុនបរទេសមានច្បាប់ វិនិយោគពីរាជរដ្ឋាភិបាលដូចនេះសំណុំ រឿងលោកនឹងបញ្ជូនទៅសាលាដំបូងជា អ្នកដោះស្រាយវិញ ។

បើទោះបីជាមានការលើកឡើងរបស់លោកអភិបាលរងខេត្តបែបនេះក្តីប្រជា ពលរដ្ឋបានលើកឡើងថា កន្លងមកសម្តេច តេជោតែងតែអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីក្នុងការកាត់ ឆ្វៀលដីជាលក្ខណ:ស្បែកខ្លានៅក្នុងដែន អនុក្រឹត្យជូនដល់ប្រជាពលរដ្ឋដែលជាកូនចៅសម្តេចដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខលំបាក ឬខ្វះទីជម្រកឡើយ។ ដូចនេះពាក្យថានៅតែបន្តនីតិវិធីរបស់មន្ត្រីជាអ្នកអនុវត្តច្បាប់ទៅលើសំណុំរឿងរបស់ពួកគាត់ហាក់បីដូចការមើលឃើញជើង មេឃអ៊ីចឹងដែរ ។

តំណាងក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនគរវត្តមិនអាចស្វែងរកការបំភ្លឺជុំវិញករណីវិវាទនេះបានទេកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។

ដូច្នេះប្រជាពលរដ្ឋរងគ្រោះនៅតំបន់ ចំណាតរាមសង្ឃឹមថា ប្រមុខរាជរដ្ឋ​ភិបាលមិនបណ្ដាយប្រជារាស្រ្តបន្តរងគ្រោះក្នុង រឿងនេះទៀតទេ ៕ ហេង សូរិយា


ចែករំលែក៖