ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដែលចាប់ខ្លួនរាជ្យបុត្រព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីតជិតឡើងគ្រងរាជ្យសម្បត្តិ

ចែករំលែក៖

ព្រះមហាក្សត្រសាវឌីអារ៉ាប៊ី នឹងដាក់រាជ្យសម្បត្តិ នៅសប្តាហ៍ក្រោយ ហើយផ្តល់តួនាទីសិទ្ធិអំណាចទាំងអស់ ឲ្យរាជ្យទាយាទ Mohammed Bin Salman វ័យ៣២ឆ្នាំ និងជាអ្នកបញ្ជាឲ្យចាប់រាជ្យវង្ស និងមន្ត្រីរាជ្យការពុករលួយរាប់សិបនាក់កន្លមក។ ព្រះមហាក្សត្រអនាគត Bin Salman ជារាជ្យបុត្ររបស់ព្រះមហាក្សត្របច្ចុប្បន្ន ហើយទទួលបានការស្រឡាញ់ពីព្រះបិតាយ៉ាងខ្លាំង។

នៅដើមខែវិច្ឆិកានេះ សមាជិករាជ្យវង្ស និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ត្រូវបានចាប់ខ្លួននៅរដ្ឋធានី Riyadh ដោយចោទប្រកាន់ពីបទពុករលួយ។ សារព័ត៌មានលោកខាងលិចបានផ្សាយថា សកម្មភាពខាងលើរបស់រាជ្យទាយាទ គឺដើម្បីពង្រឹងអំណាច មុនពេលឡើងកាន់អំណាចជំនួសព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកដែលបានចាប់ខ្លួនមានរាជ្យបុត្រ Alweed Bin Talal ដែលជាអ្នកមានបំផុត នៅតំបន់មជ្ឈិមបូព៌ា និងជាម្ចាស់ក្រុមហ៊ុន King dom Holdings។

សារព័ត៌មាន daily Mail បានផ្សាយថា ព្រះមហាក្សត្រ Salman នឹងដើរតួនាទីជាតំណាងប៉ុណ្ណោះ នៅពេលដ៏ខ្លីខាងមុខ។ ចំណែកអំណាចទាំងអស់ នឹងផ្តល់ឲ្យរាជ្យទាយាទ Bin Salman នៅសប្តាហ៍ក្រោយ។

ប្រភពព័ត៌មានពីរដ្ឋាភិបាល Riyadh បានឲ្យដឹងថា ក្រោយពេលរាជ្យទាយាទ Bin salman ឡើងគ្រងរាជ្យ ចំណុចសំខាន់របស់ព្រះអង្គនាពេលនេះ គឺបង្វែទៅអ៊ីរ៉ង់ ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួន។ រាជ្យទាយាទ ប៊ីន សាលម៉ែន ចាត់ទុករដ្ឋាភិបាលទីក្រុងអ៊ីរ៉ង់ គឺជាសត្រូវ និងជាគូប្រជែង លើវិស័យប្រេងរបស់អារ៉ាប់។ ក្រុមអ្នកឯកទេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រោយរាជ្យទាយាទឡើងគ្រងរាជ្យ សង្គ្រាមនឹងផ្ទុះឡើងជាមួយអ៊ីរ៉ង់។

ស្ថានភាពរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលតានតឹងបំផុត ក្រោយពេលរដ្ឋាភិបាលទីក្រុងរីយ៉ាត ចោទប្រកាន់ទីក្រុងអ៊ីរ៉ង់ថា បានបាញ់មីស៊ីលចូលទៅកាន់ព្រំដែន ប្រទេសសាវឌីអារ៉ាប៊ី ដោយអ៊ីរ៉ង់ វាយប្រហារដោយប្រយោល ផ្តល់មីស៊ីលទៅឲ្យក្រុមឧទ្ទាមហូធីនៅយេមែន ជាអ្នកវាយប្រហារ។ ក្រៅពីនេះ រាជ្យទាយាទ ប៊ីន សាលម៉ែន នឹងបញ្ជាកម្លាំងទៅកម្ចាត់ក្រុមឧទ្ទាម ហេប៊ូឡាស នៅក្នុងតំបន់។

ក្រុមអ្នកឯកទេសបញ្ជាក់ថា នៅពេលនេះអ៊ីរ៉ង់កំពុងតែក្លាយទៅជាគោលដៅវាយប្រហាររបស់លោកខាងលិច ដោយប្រើប្រាស់អារ៉ាប៊ីសាអ៊ូឌីតជាអ្នកនាំមុខ នៅក្នុងការវាយប្រហារនោះ។

មន្ត្រីជាន់ខ្ពស់លោកខាងលិចជាច្រើន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្តបន្ទាប់ ហើយកន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសបារាំងបានមកទស្សនកិច្ចប្រទេសនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី បារាំង ម៉ាក្រុង។ លោករដ្ឋមន្រ្តីការបរទេសបារាំង Jean Yves Le Drian ក្រៅពីបានទទួលជួបសន្ទនាដោយមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតសាលម៉ាន និងស្តេចស្នងរាជ្យ ប៊ីន សាលម៉ែន លោក Le Drian ក៏បានទទួលជួបប្រមុខការទូតអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir ផងដែរ។

លោកប្រមុខការទូតបារាំងបានសម្តែងក្តីបារម្ភលើមហិច្ឆតារបស់អ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយលើកឡើងពីកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់។

លោកប្រមុខការទូតបារាំង Jean Yves Le Drian បាននិយាយយ៉ាងដូច្នេះនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីតលោក Adel al-Jubeir ក្នុងទីក្រុងរីយ៉ាដ។ «តួនាទី និងសកម្មភាពរបស់អ៊ីរ៉ង់នៅក្នុងវិស័យមួយចំនួន បាន និងកំពុងធ្វើឲ្យយើងបារម្ភ » នេះជាការថ្លែងរបស់លោក Le Drain។ នៅត្រង់ចំណុចនេះ លោកប្រមុខការទូតបារាំងបានលើកឡើងចំៗ ពីអន្តរាគមន៍របស់ទីក្រុងតេហេរ៉ង់ នៅក្នុងវិបត្តិមួយចំនួននៅក្នុងតំបន់ និងពីមហិច្ឆតារបស់អ៊ីរ៉ង់ ដោយលោក Le Drian ចង់ផ្តោតជាពិសេសលោកកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់។

បន្ទាប់មកលោក Le Drian ក៏បានចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលសហគមន៍អន្តរជាតិបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥ ហើយត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធលែងទទួលស្គាល់វិញ។ ត្រង់ចំណុចនេះ លោក Le Drian បានបញ្ជាក់ជាថ្មី ពីជំហររបស់បារាំងក្នុងការរក្សាទុកកិច្ចព្រមព្រៀង និងអំពាវនាវភាគីពាក់ព័ន្ធ ឲ្យតាមដានលើការអនុវត្តន៍។ ក្រៅពីរឿងអ៊ីរ៉ង់ លោកប្រមុខការទូតបារាំង ក៏បាននិយាយពីជោគជ័យគួរឲ្យកត់សម្គាល់របស់កម្លាំងសម្ពន្ធមិត្តលើអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

តែអ្វីដែលលោក Le Drian បានទាញចំណាប់អារម្មណ៍ខ្លាំងនោះ គឺដំណើរស្វែងរកសន្តិភាព និងការរក្សាសន្តិភាពនៅក្រោយសង្រ្គាម។

ទាក់ទងនឹងបញ្ហានៅក្នុងប្រទេសយេមែន លោកប្រមុខការទូតបារាំងបានលើកឡើងពីស្ថានភាពមនុស្សធម៌ដុនដាប ដែលពលរដ្ឋយេមែនកំពុងជួបប្រទះសព្វថ្ងៃ និងចង់ឲ្យមានការបញ្ជូនជំនួយអន្តរជាតិទៅឲ្យពលរដ្ឋយេមែនឲ្យបានឆាប់ដែលអាចធ្វើបាន។

ការសម្តែងក្តីបារម្ភទៅលើប្រទេសអ៊ីរ៉ង់ គឺមិនខុសអ្វីពីការជំរុញឲ្យសាវឌីអារ៉ាប៊ី បើកការវាយប្រហារនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖