ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអ៊ីរ៉ាក់ កម្លាំងទាហានស៊ីរីបន្តយកឈ្នះរំដោះបានទីតាំងចុងក្រោយ Albu Kamal

ចែករំលែក៖

កម្លាំងទាហានស៊ីរី និងសម្ពន្ធមិត្ត បានទទួលជ័យជំនៈដណ្តើមសិទ្ធគ្រប់គ្រងទាំងស្រុង ស្រុកAlbu kamal ស្ថិតនៅខេត្ត Deir Ezzorដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមភេរវកម្ម IS។

សារព័ត៌មាន Hizbollah បានផ្សាយថា«កម្លាំងទអាហានស៊ីរី និងសម្ពន្ធមិត្ត បានវាយប្រហារយកឈ្នះដណ្តើមទីតាំងចុងក្រោយពីដៃ IS ។ កាលពីដើមខែកន្លងមក កម្លាំងទាហានស៊ីរី ក៏បានប្រកាសយកឈ្នះ ទៅលើក្រុម IS នៅក្នុងតំបន់ Albu kamal ។ ប៉ុន្តែក្រុមភេរវកម្ម ដែលលាក់ខ្លួននៅទីនោះ បន្តវាយប្រហារទៅលើកម្លាំងទាហាហានស៊ីរី ធ្វើឲ្យសង្គ្រាមនៅទីនោះបន្តអូសបន្លាយ។

ការទទួលជ័យជំនៈខាងលើបានធ្វើឲ្យ ក្រុម IS បាត់បង់ទីតាំងគ្រប់គ្រងជាបន្តបន្ទាប់ ពេលនេះ នៅសល់តែប៉ុន្មានស្រុកទៀតប៉ុណ្ណោះ នៅតាមដងទន្លេ Euphrates និង តំបន់ដាច់ស្រយាល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IS។

បច្ចុប្បន្នកម្លាំងទាហានក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានបន្លំខ្លួនជាមួយពលរដ្ឋស្លូតត្រង់ បង្វែមកវាយប្រហារដាច់ដោយឡែក និងវាយប្រហារគ្រាប់បែកអត្តឃាតជាដើម។ បណ្តាប្រទេសលោកខាងលិចបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រុមភេរវកម្ម បង្កើនការវាយប្រហារទៅលើពលរដ្ឋស្លូតត្រង់នៅជុំវិញពិភពលោក ក្រោយពេលបាត់បង់ទីតាំងដែលខ្លួនគ្រប់គ្រង។

កន្លងមកនៅក្នុងប្រទេសអ៊ីរ៉ាក់ សង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS នៅក្នុងប្រទេសនេះបញ្ចប់ទៅជាស្ថាពរហើយ ក្រោយពេលកម្លាំងទាហានអ៊ីរ៉ាក់ ដណ្តើមបានទីតាំងចុងក្រោយបំផុតរបស់ក្រុមនេះនៅទីក្រុង Rawa។ ពលរដ្ឋអ៊ីរ៉ាក់មានភាពសប្បាយរីករាយ ដោយបង្ហាញ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាពពេញលេញ ក្រោយសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០០៣ មកទល់ពេលនេះ។

ថ្មីៗនេះ កងទ័ពបាន វាយយកបានទីក្រុងរ៉ាវ៉ា ដែលជាទីតាំងចុងក្រោយរបស់ក្រុមភេរវជនIS ស្ថិតនៅតាម ដងស្ទឹងអឺហ្វ្រាត។ ការវាយយកនេះ គឺមិន ដល់៣ម៉ោងនោះទេ ជាពេលវេលារហ័ស បំផុតសម្រាប់កងទ័ពអ៊ីរ៉ាក់ក្នុងការវាយ ដណ្តើមដែនដីពីក្រុមជីហាដ។

ពេលកងទ័ពអ៊ីរ៉ាក់ចូលវាយយកក្រុង រ៉ាវ៉ា កងទ័ពអ៊ីរ៉ាក់ប្រឈមនឹងសកម្មជន ជីហាដរដ្ឋអ៊ិស្លាមតិចតួចបំផុត។ សកម្ម ជនជីហាដបានរត់គេចខ្លួនទៅស៊ីរីក្បែរនោះតាំងតែពីមុនកងទ័ពអ៊ីរ៉ាក់ចូលមក ដល់ម៉្លេះ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាល់ បាឌី បានកោតសរសើរទាហានជាតិអ៊ីរ៉ាក់ ដែលវាយយកបានយ៉ាងរហ័សបែបនេះ។ ថ្វីដ្បិតថា កងទ័ពវាយយកបានទីតាំងក្រុម រដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ទាំងអស់ពេលនេះ ហើយក្តីក៏ក្រុមភេរវជននៅមានទីតាំងកាន់កាប់ប្រហែល៤ភាគរយទៀតដែរ គឺទីតាំង នៅតំបន់ដាច់ស្រយាល គ្មានមនុស្សរស់ នៅ។ ពេលនេះ ទាហានអ៊ីរ៉ាក់បន្តបោសសម្អាតសកម្មជនដែលនៅសេសសល់នៅតាមតំបន់ដាច់ស្រយាលទាំងនោះ ព្រម ទាំងបោសសម្អាតគ្រាប់មីន និងគ្រាប់ផ្ទុះ ដូចក្រោយការវាយប្រហារសព្វដងដែរ៕ ម៉ែវ សាធី


ចែករំលែក៖