ភ្នំពេញ : ស្រ្តីជាម្ដាយដាច់ចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សុំអន្តរាគមន៍ចាប់កូនប្រុសបង្កើត ក្រោយពីគំរាមទារលុយ១០ម៉ឺនរៀលយកទៅទិញគ្រឿងញៀន បើមិនឲ្យនឹងវាយបំផ្លាញរថយន្តដែលម្ចាស់គេចតទុកក្នុងសាលាសុធារស ហើយបើហ៊ានប្ដឹងសមត្ថកិច្ច និងគំរាមសម្លាប់ចោល ។ សមត្ថកិច្ចចាប់វាយខ្នោះកូនអកតញ្ញូរូបនេះបង្កការភ្ញាក់ផ្អើលដលល់នាយកសាលា កាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៧នៅចំណុចវិទ្យាល័យសុធារស ក្រុម៣១ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះសុក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅម្ដុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ។
ស្រ្តីជាម្ដាយបានឲ្យដឹងថា កូនរបស់គាត់ខាងលើគឺជាមនុស្សញៀនថ្នាំ តែងតែមកគំរាមគាត់យកលុយទៅទិញគ្រឿងញៀនមកជក់ បីថ្ងៃមកសុំម្តង លុះមកដល់ថ្ងៃកើតហេតុខាងលើ រូបគាត់ដែលជាម្ដាយដាច់ចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់សុំអន្តរាគមន៍ចាប់កូនប្រុសបង្កើត ក្រោយពីគំរាមទារលុយ១០ម៉ឺនរៀលដើម្បីយកទៅទិញគ្រឿងញៀន ។
ក្រោយពីសមត្ថកិច្ចចាប់វាយខ្នោះកូនរបស់គាត់រួច ស្ត្រីជាម្តាយសុំឲ្យសមត្ថកិច្ចបុស្តិ៍ទន្លេបាសាក់យកកូនរបស់គាត់ដែលញៀនថ្នាំខាងលើនេះចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី