មន្ត្រីថៃបានប្រកាសឲ្យដឹងថា អ្នកទោស ជនជាតិអ៊ុយហ្គ័រនៅប្រទេសចិនប្រមាណ២០នាក់បានឆ្លៀតពេលភ្លៀងធ្លាក់ខ្លាំង ស្តាប់មិនឮទម្លុះជញ្ជាំងយកភួយធ្វើជណ្តើររត់ចេញដោយសុវត្ថិភាព។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជនជាតិអ៊ុយហ្គ័រ២៥នាក់យកដុំឥដ្ឋទម្លុះ ជញ្ជាំង ក្រោយមកយកភួយតធ្វើជណ្តើរ ចាកចេញពីមន្ទីរឃុំឃាំងស្ថិតនៅខេត្ត Kongkhla ភាគខាងត្បូងប្រទេសថៃ។ ប៉ុន្តែក្រុមឆ្មាំគុកបានដឹងទាន់ពេលវេលាក៏ចាប់បានអ្នកទោស៥នាក់មកវិញ ចំណែក២០នាក់ទៀតបានរត់គេចខ្លួនដោយសុវត្ថិភាព។
ស្នងការប៉ូលិស Prasit Timmakarn អ្នកត្រួតពិនិត្យមន្ទីរឃុំឃាំងខាងលើបាន ឲ្យដឹងថា ប៉ូលិសកំពុងស្វែងរកចាប់ខ្លួន មនុស្ស២០នាក់ដែលរត់គេចខ្លួនខាងលើ។ លោកបន្តទៀតថា កម្លាំងសន្តិសុខបាន បង្កើនការយាមល្បាតនៅតាមព្រំដែនទប់ស្កាត់អ្នកទោសទាំងនោះឆ្លងដែនទៅបាត់។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នក ទោស២០នាក់ដែលរត់គេចខ្លួននោះ ស្ថិតនៅក្នុងចំណោមអ្នកទោសជនជាតិអ៊ុយហ្គ័រ ២០០នាក់ ដែលថៃចាប់ឃុំខ្លួនកាលពី ឆ្នាំ២០១៤។ អ្នកទាំងនោះបានអះអាងថា ខ្លួនជាជនជាតិទួរគី ហើយស្នើឲ្យថៃបញ្ជូន ទៅទួរគីវិញ តែមិនបានសម្រេច។ អ្នក ទោស១០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនកាលពីខែកក្កដា ឆ្នាំ២០១៥។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សា បានកើតឡើងនៅតំបន់ស៊ីនជាំង ប្រទេស ចិន ធ្វើឲ្យក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ កាន់សាសនាអ៊ិស្លាម បានព្យាយាមមក កាន់តំបន់អាស៊ានដើម្បីបន្តទៅប្រទេស ទួរគី៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច